បង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ចដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ចដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់មន្ទីរពេទ្យស្រី «នគរទេព» ដើម្បីរៀបចំជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩។ នៅក្នុងសេចក្តីសម្រេច ចុះហត្ថលេខាដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។ គណៈកម្មការអន្តរក្រសួងចំពោះកិច្ច ដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់មន្ទីរពេទ្យស្រី «នគរទេព» ដើម្បីរៀបចំជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ បានបង្កើតឡើងដោយមានឯកឧត្តម ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអនុប្រធាន ព្រមទាំងមានសមាជិកចំនួន៩នាក់ផ្សេងទៀត។
យោងតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងជាមួយលោកអគ្គនាយកបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់ថវិការដ្ឋ ដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ឈ្មោះ «ស្ត្រីនគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ ស្របពេលដែលមន្ទីរពេទ្យ ចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ នៅថ្ងៃនេះ។ ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះ ទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត»៕



