មន្រ្តីយោធាកំពូលៗមកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តថ្កោលទោសការប្រើហិង្សារបស់យោធាមីយ៉ាន់ម៉ាប្រឆាំងនឹងក្រុមបាតុករដោយសន្តិវិធី
អាមេរិក៖ មន្រ្តីយោធាកំពូលៗមកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតសរុបចំនួន១២បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយបានថ្កោលទោសយោធាមីយ៉ាន់ម៉ា ដែលប្រើកម្លាំងហិង្សាបង្រ្កាបជនស៊ីវិលដែលតវ៉ាប្រឆាំងនឹងរដ្ឋប្រហារក្នុងប្រទេស ។
អំពើហិង្សាលើបាតុករពីសំណាក់យោធាមីយ៉ាន់ម៉ា បានធ្វើឱ្យប្រមុខកងទ័ពប្រទេសចំនួន១២មកពីអាស៊ី សហរដ្ឋអាមេរិក និងអឺរ៉ុប ចេញសេចក្ដីថ្លែងការណ៍រួមដ៏កម្រមានមួយ ។ មេទ័ពកំពូលៗទាំង១២ប្រទេសបានអំពាវនាវអោយយោធាមីយ៉ាន់ម៉ាផ្លាស់ប្ដូរទង្វើរបស់ខ្លួនអោយស្របតាមបទដ្ឋានអន្តរជាតិ ក៏ដូចជាដើម្បីស្ដារមុខមាត់យោធារបស់ខ្លួនឡើងវិញ ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ មេទ័ពកំពូលរបស់ប្រទេស១២ខាងលើមិនបាននិយាយដល់រដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈឡើយ ប៉ុន្តែសេចក្ដីថ្លែងការណ៍នេះបានចេញក្រោយមនុស្សយ៉ាងហោចណាស់១១៤នាក់ស្លាប់ ក្នុងការបង្ក្រាបរបស់កម្លាំងសន្តិសុខនៅថ្ងៃទី២៧ ខែមីនា ដែលជាទិវាកងទ័ពដ៏សំខាន់ ។ នេះជាថ្ងៃបង្ហូរឈាមបំផុតមួយនៅមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី មក ៕ ប្រភព៖ AP



