ក្រសួងយុត្តិធម៌នឹងបើកកិច្ចប្រជុំវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិតចំនួន៥៤២នាក់

អត្ថបទដោយ៖
ធី ដា

ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌បានឱ្យដឹងថា ទណ្ឌិតចំនួនចំនួន ៥៤២នាក់ (ស្រី ៦៨ នាក់) នឹងត្រូវបានក្រសួងយុត្តិធម៌បើកកិច្ចប្រជុំដើម្បីវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់នាថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។
បើយោងតាមការបញ្ជាក់ក្នុងប្រព័ន្ធអេឡិកត្រូនិកនាថ្ងៃទី៣០ខែមីនាឆ្នាំ២០២១នេះ ឯកឧត្តម គឹមសន្តិភាពបានឱ្យដឹងថា៖នៅថ្ងៃ ទី ៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២: ៣០ នាទីរសៀលស្អែកនេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នឹងដឹកនាំកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ។

មន្រ្តីអ្នកនាំពាក្យរូបនេះបានឱ្យដឹងថាកិច្ចប្រជុំនេះនឹងធ្វើឡើងតាមប្រព័ន្ធអេឡេត្រូនិច(ZOOM) ដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូរ បន្ថយទោស និងលើកលែងទោសក្នុង ឱកាស ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ តាមសំណើសុំពីគណៈកម្មការរាជធានីខេត្តចំនួន២៣(ពន្ធនាគាររាជធានី-ខេត្តចំនួន ២៣) និងគណៈកម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង ៤) សរុបទណ្ឌិតមានចំនួន ៥៤២នាក់ (ស្រី ៦៨ នាក់) ក្នុងនោះ៖ស្នើសុំលើកលែងទោសចំនួន ៧០ នាក់ (ស្រី ០៩នាក់)។សម្រាប់ការស្នើសុំបន្ធូរបន្ថយទោសចំនួន ៤៧២ នាក់ (ស្រី ៥៩ នាក់) ។

គួរបញ្ជាក់ថា ពិធីបុណ្យដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិតនៅកម្ពុជា មានចំនួន ៥ដង ក្នុង១ឆ្នាំ្ក រួមមានដូចជា៖ ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍, ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ,ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ,ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកជាដើម៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner