ផ្សារណាត់ខេត្តតាកែវ មានភាពស្ងាត់ជ្រងំ ក្រោយរកឃើញ ប្តីអ្នកលក់បន្លែម្នាក់ វិជ្ជមានកូវិដ១៩
ខេត្តតាកែវ៖ក្រោយមានវត្តមានអ្នកជម្ងឺកូវីដ១៩ម្នាក់ នៅក្នុងក្រុងដូនកែវ បង្ករការភ័យក្លាច ដល់អ្នកលក់ដូរមួយចំនួននៅផ្សារណាត់ នៅព្រឹកថ្ងៃទី ២៩ខែមិនា ឆ្នាំ២០២១នេះ សឹងតែបិទតូបលក់ដូរទាំងអស់ បន្ទាប់ពីគេបានស្គាល់ថា អ្នកជម្ងឺកូវីដ១៩ ឈ្មោះ ហ៊ីង សាមួន ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានប្រពន្ធជាអ្នកលក់ដូរបន្លែ នៅក្នុងផ្សារណាត់ ។
ជុំវិញមន្ទិលសង្ស័យ និងឮការនិយាយតៗគ្នា ពីមាត់មួយទៅមាត់មួយនោះហើយ បានបង្ករឲ្យមានការភ័យក្លាច និងព្រួយបារម្មណ៍ ពីបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ក្នុងផ្សារណាត់នោះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឲ្យដឹង នៅថ្ងៃទី២៩ មីនា ថា ចំពោះអ្នកជម្ងឺឈ្មោះ ហ៊ីង សាមួន ក្រោយដឹងថា គាត់បានពាក់ព័ន្ធ និងទៅធ្វើជាចុងភៅមង្គលការ នៅថ្ងៃដែលបុគ្គល កក្កដា សោភ័ណ្ឌ មកចូលរួមកាលពីថ្ងៃទី ១២ មិនា នៅស្រុកសំរោងនោះ គឺរយៈពេល ជាង២សប្តាហ៍មកនេះ អ្នកជម្ងឺខាងលើត្រូវបានដាក់ឲធ្វើចត្តាឡីស័ក្តនៅលើផ្ទះឈើតែម្នាក់ឯង ដោយមិនមានពាក់ព័ន្ធ ជាមួយបងប្អូន ឬប្រពន្ធកូនគាត់ឡើយ ដោយក្រុមគ្រួសាររបស់គាត់ គឺនៅដាច់ដោយឡែកផ្សេង ពីអ្នកជម្ងឺខាងលើ ។
ក្នុងនោះលោកអភិបាលក្រុងដូនកែវ បានបញ្ជាក់ថា លោកនិងស្នើសុំគោលការណ៍ ពីឯកឧត្តមអភិបាលខេត្តតាកែវ រួមមានមន្ទីរសុខាភិបាលផងដែរ ចេញសេចក្តីជូនតំណឹងមួយ ដើម្បីបញ្ជាក់ពីបញ្ហានេះ កុំឲ្យបងប្អូនប្រជាពលរដ្ឋ មានការភ័យក្លាច និងព្រួយបារម្មណ៍ រហូតដល់បិទតូបផ្សារណាត់ មិនមកលក់ដូរ និងមានអ្នកលក់ដូរ ក្នុងផ្សារធំតាកែវខ្លះ ឈានដល់មានការរើសអើង ចំពោះអ្នកលក់ដូរដូចគ្នា មិនអោយគ្នាលក់ឡើយ ដោយសារតែអ្នកលក់ដូរនោះ មកពីភូមិព្រិច ដែលមានអ្នកជម្ងឺកូវីដ១៩ ៕