អភិបាលខេត្តស្វាយរៀង បញ្ជាឲ្យផ្អាកសកម្មភាព អាជីវកម្មគ្រប់ប្រភេទ នៅក្នុងកាស៊ីណូក្នុងខេត្ត ជាបណ្ដោះអាសន្ន

អត្ថបទដោយ៖
ធី ដា

ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២១បានជម្រាបជូនដល់ លោកនាយកក្រុមហ៊ុនកាស៊ីណូ ក្នុងខេត្តស្វាយរៀង ដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងសុខាភិបាល ស្ដីពី ការផ្អាកសកម្មភាព អាជីវកម្មគ្រប់ប្រភេទ ដែលកំពុងដំណើរការ នៅក្នុងកាស៊ីណូ ជាបណ្ដោះអាសន្ន ។

សេចក្តីជូនដំណឹង បានឲ្យដឹងទៀតថា លោកនាយកក្រុមហ៊ុន កាស៊ីណូ ក្នុងខេត្តស្វាយរៀង ដែលបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងសុខាភិបាល ជ្រាបថា កន្លងមកក្រុមហ៊ុនកាស៊ីណូ របស់លោកបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រសួងសុខាភិបាល ដើម្បីទទួលបានការអនុញ្ញាត ក្នុងការដំណើរការឡើងវិញ នូវអាជីវកម្មរបស់ខ្លួន ស្របតាមវិធានសុខាភិបាល និងគោលការណ៍ប្រតិបត្តិការស្តង់ដារ(SOPs) ។

ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ កំពុងបន្តកើតឡើង គួរឲ្យមានការព្រួយបារម្ភ ក្នុងន័យចូលរួមបង្ការទប់ស្កាត់ ការរាលដាល ជំងឺកូវីដ១៩ រដ្ឋបាលខេត្ត សុំធ្វើការផ្អាកសកម្មភាព អាជីវកម្មគ្រប់ប្រភេទ ដែលកំពុងដំណើរការ នៅក្នុងកាស៊ីណូរបស់លោកចាប់ពីខែមីនាឆ្នាំ ២០២១ នេះតទៅរហូតមានការជូនដំណឹងសារជាថ្មី។

សូមបញ្ជាក់ថា បើតាមលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹង នៅព្រឹក៣០ ខែមីនានេះថា គិតត្រឹមរសៀលថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២១ នេះខេត្តស្វាយរៀង មានអ្នកឆ្លង កូវីដ-១៩ ចំនួន២០នាក់ ក្នុងនោះខ្មែរ ១២ នាក់ និងចិន ៨ នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ហើយក៏បានបិទទីតាំង ដែលរងផលប៉ះពាល់មួយចំនួន នៅក្នុងខេត្តស្វាយរៀងផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner