មន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន៤២នាក់កំពុងបានចូលរួម ការពារនិងថែរក្សាមរតកធម្មជាតិនៅកម្ពុជា

ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖នាពេលបច្ចុប្បន្ននេះបើគេនិយាយដល់មន្ត្រីឧទ្យានុរក្ស គេតែងសំដៅទៅដល់បុរសភាគច្រើន ព្រោះការងារបំពេញភារកិច្ចឈរជើងល្បាតព្រៃ គឺមិនងាយស្រួលនោះទេ។ទោះបីយ៉ាងណាក៏ដោយនាពេលបច្ចុប្បន្ននេះកម្ពុជាមានមន្រ្តីឧទ្យានុរក្សដ៏អង្គអាចក្លាហានចូលរួមការពារនិងថែរក្សាធនធានធម្មជាតិទៀតផង។

យោងតាមទំព័រ ហ្វេស ប៊ុក របស់ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី៣០ខែមីនាឆ្នាំ ២០២១នេះថា នៅកម្ពុជា ក្នុងចំណោមមន្ត្រីឧទ្យានុរក្សទាំងជាង ១២០០នាក់នៅទូទាំងប្រទេសនោះ មានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង ២០ ខេត្តជាមួយនឹងមន្ត្រីឧទ្យានុរក្សជាបុរស។

ក្រសួងបរិស្ថានបានឱ្យដឹងថាទោះបីជាការងារជាឧទ្យានុរក្សមានការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ ក៏ប៉ុន្តែមន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានដាក់ពង្រាយជាប់ជាប្រចាំនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបំពេញតួនាទីជាឆ្នាំព្រៃការពារ និងអភរិក្សធនធានធម្មជាតិ ដោយបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នាប្រភពខាងលើនេះបានបញ្ជាក់ថា ក្នុងបុព្វហេតុការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃដែលជាប្រពន្ធ័ជីវៈចម្រុះដ៏មានតម្លៃរបស់កម្ពុជា មន្ត្រីឧទ្យានុរក្សបានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ លះបង់កម្លាំងកាយកម្លាំងចិត្តនិងបញ្ញាដើរល្បាតទាំងយប់ ទាំងថ្ងៃក្រោមអាកាសធាតុក្តៅ ភ្លៀង ផ្គររន្ទះដោយមិនខ្លាចនឿយហត់នៅតាមព្រៃភ្នំ បឹងបួរ ទន្លេ ជ្រលងដងអូរនានា។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីឧទ្យានុរក្សរបស់យើងប្រឈមនឹងគ្រោះថ្នាក់ជាច្រើន រាប់តាំងពីជំងឺដង្កាត់ដែលឆ្លងក្នុងព្រៃ វង្វេងព្រៃដាច់បាយក៏មាន ហើយជួនកាលប្រឈមនឹងជនល្មើសរហូតដល់មានការតតាំងដាក់គ្នាជាដើម។

ក្រសួងបានឱ្យដឹងដែរថា ទាំងនេះគឺជាវីរៈភាព និងការលះបង់ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបាន។ អ្វីដែលមន្ត្រីឧទ្យានុរក្សរបស់យើងកំពុងធ្វើនៅពេលនេះ គឺមិនមែនគ្រាន់តែធ្វើក្នុងនាមតែជាមន្ត្រីឧទ្យានុរក្សដែលត្រូវបំពេញជាតួនាទីទៅតាមឯកសណ្ឋានប៉ុណ្ណោះទេ តែពួកគាត់ធ្វើក្នុងនាមជាឪពុក ម្តាយ ដែលកំពុងតែថេរក្សា និងការពារនូវមរតកធនធានធម្មជាតិដ៏សម្បូណ៌បែបសម្រាប់កូនចៅជំនាន់ក្រោយអាស្រ័យផលដោយមិនចេះរីងស្ងួតរាប់ជំនាន់តទៅមុខទៀត។

ក្រសួងបរិស្ថានពិតជាមានមោទកភាពដែលកម្ពុជាមានមន្ត្រីឧទ្យានុរក្ស ដែលមានភាពអង់អាចក្លាហាន មានមនសិការជាតិខ្ពស់ក្នុងការថែរក្សាធនធានធម្មជាតិដែលកម្ពុជាមានសម្រាប់មនុស្សរាប់ជំនាន់ទៀត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner