អភិបាលខេត្តស្ទឹងត្រែង បន្តចុះពិនិត្យនិងរៀបចំទីតាំងសម្រាប់​ធ្វើមណ្ឌល​ចត្តាឡីស័ក នៅក្នុងស្រុកថាឡាបរិវ៉ាត់

អត្ថបទដោយ៖
ជា សេឌី

(ស្ទឹងត្រែង)   ដោយអនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី និងឈរលើស្មារតីទទួលខុសត្រូវខ្ពស់ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុមសារឿន គណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះពិនិត្យនិងរៀបចំទីតាំងសម្រាប់ធ្វើមណ្ឌលចត្តាឡីស័ក នៅក្នុងស្រុកថាឡាបរិវ៉ាត់ ហើយឯកឧត្តម ក៏បានសម្រេចយកសាលាបឋមសិក្សាស្រឡៅស្ថិតក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ សម្រាប់ធ្វើជាកន្លែងចត្តាឡីសស័កនៅពេលដែលមានពលរដ្ឋធ្វើចំណាតស្រុកមកកាន់ទឹកដីខេត្តស្ទឹងត្រែង (នៅចំណុចព្រំប្រទល់ខេត្តស្ទឹងត្រែង នឹងខេត្តព្រះវិហារ)។

ឯកឧត្តម ម៉ុ​ម សារឿន បានបញ្ជាក់ថា ការសម្រេចយកអាគារសាលាបឋមសិក្សានេះមកប្រើប្រាស់សម្រាប់ធ្វើជាកន្លែងចត្តាឡីសស័ក ដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ។ ដោយក្នុងនោះរដ្ឋបាលខេត្តក៏បានបង្កើតនូវការងារប្រយុទ្ធប្រឆាំងជាមួយជំងឺកាច់សាហាវមួយនេះ ព្រមទាំងបានជំរុញដល់មន្ទីរអង្គភាពដែលពាក់ព័ន្ធ ពិសេសមន្ទីរសុខាភិបាល ដែលជាសេនាធិការឲ្យរដ្ឋបាលខេត្ត ត្រូវធ្វើយ៉ាងណាដាក់ចេញនូវទិសដៅដោយបន្តលើកកម្ពស់អនុវត្តយ៉ាងសកម្មតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីបង្ការទប់ស្កាត់ប្រឆាំងនឹងការរីករាលដាលនៃកូវិដ១៩ ដែលកំពុងកើតមានជាសកល ក្នុងនោះក៏មានប្រជាជនប្រទេសកម្ពុជាយើងច្រើននាក់កំពុងទទួលរងគ្រោះពីជំងឺនេះផងដែរ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្ថែមថា÷រដ្ឋបាលក្រុង/ស្រុក ក្នុងខេត្តស្ទឹងត្រែង នឹងត្រូវកំណត់ឲ្យបានច្បាស់ថា ប្រជាពលរដ្ឋនៅក្នុងខេត្ត និងប្រជាពលរដ្ឋដែលទើបមកពីរាជធានីភ្នំពេញ ឬខេត្តដទៃមានសុវត្ថិភាព និងសុខភាពល្អ ទាំងសម្រាប់ការរស់នៅប្រកបរបរ និងការស្នាក់នៅ  ពិសេសកក្នុងអំឡុងដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខិតជិតមកដល់ ដើម្បីធានាថាសហគមន៍យើងគ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

តាមការបញ្ជាក់របស់លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត បានអោយដឹងថា៖ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងមានចំនួន៧៨នាក់ ក្នុងនោះស្រី២៣នាក់។

ក្នុងនោះដែរឯកឧត្តមម៉ុម សារឿន ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួនដល់គ្រួសារប្តីប្រពន្ធ និងកូន២នាក់ ដែលកំពុងស្នាក់នៅធ្វើចត្តាឡីស័កផងដែរ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner