ព្រឹកនេះ គណៈកម្មការចំពោះកិច្ច បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ លើជនគោលដៅ ជាង ៧៤ម៉ឺននាក់ ក្នុងក្របខណ្ឌ ទូទាំងប្រទេស

អត្ថបទដោយ៖
ធី ដា

គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ១៩ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានចាប់ផ្តើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (SINOVAC) នៅក្នុងក្របខណ្ឌ ទូទាំងប្រទេស លើជនគោលដៅប្រមាណ ៧៤ម៉ឺន ៥ពាន់នាក់ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការចំពោះកិច្ច បានគូសបញ្ជាក់ថា ក្រុមជនដែលត្រូវចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់នេះ រួមមាន៖

១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាល ឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូន គណៈកម្មការចំពោះកិច្ច ឬទៅមន្ទីរសុខាភិបាល រាជធានី-ខេត្ត រួចហើយ) ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលពុំទាន់បានចាក់ពីមុន ។
២៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះ ផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ ។
៣៖ អ្នកសារព័ត៌មាន ដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូន គណៈកម្មការចំពោះកិច្ច តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាល រាជធានី-ខេត្តរួចហើយ ) ។
៤៖ កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលពុំទាន់បានចាក់ពីមុន នៅតាមរាជធាន-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះ រៀបចំដោយ អាជ្ញាធររាជធានី-ខេត្ត) ។
៥៖ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់ នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀននៅតាមគ្រឹះស្ថាន បណ្តុះបណ្តាលនានា ទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះ ដោយក្រសួងអប់រំ យុវជន និងកីឡាដោយបានផ្ញើជូន គណៈកម្មការចំពោះកិច្ចរួចហើយ) ។
៦៖ មន្ត្រី-បុគ្គលិកបម្រើការ នៃអគ្គិសនីកម្ពុជា ទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន អាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ ។
៧៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុប ដែលបានផ្ញើបញ្ជីឈ្មោះ ជូនគណៈកម្មការចំពោះកិច្ចរួចហើយ ។
៨៖កម្មករ-កម្មការិនី នៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ញើជូន គណៈកម្មការចំពោះកិច្ច ។

ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ច បានពង្រីកទីតាំង ចាក់វ៉ាក់សាំង ដោយបានធ្វើឡើងនៅទីតាំងស្ថាប័នជាតិ និងក្រសួងស្ថាប័ននានា ផ្ទាល់តែម្តង ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា ទីតាំងសម្រាប់ចាក់វ៉ាក់សាំងនេះ មានប្រមាណ ១០៩កន្លែង ហើយគ្រោងពង្រីកឱ្យបានរហូតដល់ទៅ ២៥០កន្លែង ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ នឹងធ្វើឡើងសម្រាប់បុគ្គលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដោយមិនកំណត់ត្រឹម ៥៩ឆ្នាំនោះទេ ។ ការបើកយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា ទិញបានវ៉ាក់សាំងចំនួន ១.៥លានដូសពីក្រុមហ៊ុនចិន ហើយដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ ។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀត លើវិធានការសុខាភិបាល ដែលមានស្រាប់ សម្រាប់ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គល មិនឱ្យឈឺធ្ងន់ នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាល នៅមន្ទីរពេទ្យ ។ លោកស្រី បានបញ្ជាក់ទៀតថា វ៉ាក់សាំងកូវីដ១៩ ដែលកំពុងប្រើប្រាស់នៅកម្ពុជា ជាវ៉ាក់សាំង ដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់ នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួន បាននិងកំពុងតែដំណើរ ការចាក់រាប់សិបលាន នាក់រួចមកហើយ ។

លោកស្រី ឱ វណ្ណឌីន បានអំពាវនាវ ដល់ជនគោលដៅ ដែលបានកំណត់ចាក់វ៉ាក់សាំង អញ្ជើញទៅចាក់វ៉ាក់សាំង ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពាសហគមន៍ កុំឱ្យមេរោគកូវីដ១៩ វាយលុកចូលទៅក្នុងខ្លួន ចូលទៅក្នុងផ្ទះ និងចូលទៅក្នុងសហគមន៍ ដែលធ្វើឱ្យមានមហន្តរាយ សុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិ ៕ដោយប៊ុនធី និង ប៊ុនហុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner