លោក ចូ បៃដិន ប្រកាសថា ប្រជាជនអាមេរិកពេញវ័យទាំងអស់នឹងមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងនៅខែមេសានេះ
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារនេះប្រកាសថា ប្រជាជនអាមេរិកពេញវ័យទាំងអស់នឹងមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 នៅក្នុងខែមេសា ឆ្នាំ២០២១នេះ ។
ការប្រកាសពីកាលបរិច្ឆេតថ្មីរបស់លោក បៃដិន ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងអាឡិចសាន់ឌ្រា (Alexandria) រដ្ឋវើជីនៀ (Virginia) ដោយបានផ្លាស់ប្តូរកាលបរិច្ឆេតកាលពីដើមរបស់លោកនៅថ្ងៃទី១ ខែឧសភា ពោលគឺជិត២សប្តាហ៍ ។ លោក បៃដិន បានបន្ថែមថា វ៉ាក់សាំងបង្ការជំងឺ Covid-19 ចំនួន១៥០លានដូសត្រូវបានចាក់ជូនប្រជាជនរួចរាល់ អំឡុងពេល៧៥ថ្ងៃនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក ដែលនេះស្ថិតនៅលើខ្សែបន្ទាត់មួយឆ្ពោះទៅកាន់គោលដៅចាក់អោយបាន២០០លានដូស នៅក្នុងរយៈពេល១០០ថ្ងៃ នៃការកាន់តំណែងរបស់លោក ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិករូបនេះក៏នៅតែជំរុញអោយប្រជាជនអាមេរិកបន្តអនុវត្តវិធានការការពារសុវត្ថិភាពពីជំងឺឆ្លង និងបាននិយាយថា ប្រទេសនេះមិនទាន់ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៅឡើយទេ ហើយអាចនឹងជួបប្រទះនូវជំងឺ និងភាពវេទនាបន្ថែមទៀត នៅមុនថ្ងៃទី៤ ខែកក្កដាខាងមុខនេះ ៕ ប្រភព៖ ស៊ីនហួរ


