អភិបាលខេត្ត សៀមរាប ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំផែនការដើម្បីត្រៀមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
សៀមរាប៖ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំដើម្បីពិភាក្សា រកចំណុចគន្លឺះល្អៗសម្រាប់រៀបចំផែនការត្រៀមទប់ស្កាត់ការរីករាលដាលដោយសារជំងឺកូវីដ-១៩ នាពេលខាងមុខនោះ ។ កិច្ចប្រជុំនេះ ដោយមានការចូលរួមពី លោក នាក់ណេរ៉ុន អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពមួយចំនួន អភិបាលក្រុងសៀមរាប និង ដៃគូឯកជនពាក់ព័ន្ឋមួយចំនួនផងដែរ។ កិច្ចប្រជុំបានពិភាក្សាលើបញ្ហាមួយចំនួនរួមមាន៖ ទី១- រៀបចំឲ្យអាជីវករក្នុងផ្សារនានាទូទាំងក្រុងនិងខេត្តសៀមរាប គិតគូរពីសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ ដើម្បីចៀសផុតពីហានិភ័យដោយសារជំងឺកូវីដ-១៩។ ទី២- ផែនការ និងវិធានការ កាត់បន្ថយការប្រមូលផ្តុំនៅទីផ្សារ ទោះបីតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ក្តីក៍ ការផ្គត់ផ្គង់ត្រីសាច់ បន្លែ គ្រឿងទេស ម្ហូបចំណីចាំបាច់នៅតែមានលក់លើទីផ្សារ។ ទី៣-ការរៀបចំកម្មវិធីដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់ និងការទិញតាមអនឡាញ ដោយលើកទឹកចិត្តដល់អ្នករ៉ឺម៉កសម្រាប់បំរើសេវាដឹកជញ្ជូន ជាពិសេសអ្នករ៉ឺម៉កដែលបានចាក់វ៉ាក់សាំងហើយ។ ទី៤-បង្កើតទំនាក់ទំនងជាមួយអ្នកលក់បោះដុំ និងអ្នកលក់ចែកចាយបន្តអ្នកលក់ដូរតូបតាមផ្សារ និងអ្នករ៉ឺម៉ក ឲ្យប្រើប្រាស់ប្រព័ន្ធធនាគារ។ ទី៥-ជំរុញដល់ភ្នាក់ងារទេសចររណ៍ប្រតិបត្ដិករទេសចរណ៍ អ្នកបំរើសេវាកម្មពាក់ព័ន្ឋនឹងវិស័យទេសចរណ៍ ឱ្យមកទទួលចាក់វ៉ាក់សាំងឱ្យបានឆាប់និងគ្រប់ៗគ្នាដើម្បីខេត្តសៀមរាបអាចមានលទ្ធភាពទទួលភ្ញៀវទេសចរណ៍អន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។
ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានទទួលវ៉ាក់សាំង(Sinovac) ជំហានទី១ ហើយជំហ៊ានទី២ នឹងបន្តចាក់ ជូនបងប្អូនប្រជាពលរដ្ឋនិងអ្នកផ្តល់សេវាកម្មទេចរណ៍ឲ្យបានគ្រប់ៗគ្នា នពេលខាងមុខនេះ។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តបានសំណូមពរនិងអំពាវនាវយ៉ាងទទូច សូមឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់ សូមមេត្តាចូលរួមអនុវត្តវិធានការសុខាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ទាំងអ្នកបានចាក់វ៉ាក់សាំងរួច និងអ្នកមិនទាន់បានចាក់ក្តីដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ។ជាពិសេសចូលរួមអនុវត្តតាមវិធានការរបស់សម្តេច តេជោ សែននាយករដ្ឋមន្ត្រីនូវ ៣ការពារ និង៣កុំ។៣ការពារ ដែលត្រូវអនុវត្តគឺ ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវរក្សាគម្លាតបុគ្គល។៣កុំដែលត្រូវប្រុងប្រយ័ត្ន គឺ កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា។
គួររំលឹកថា៖ ចាប់តាំងពីមានព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភ: មក គិតមកដល់ថ្ងៃទី១៥ ខែមេសាឆ្នាំ២០២១នេះ ខេត្តសៀមរាបយើង បានរកឃើញអ្នកវិជ្ជមានចំនួន១៨នាក់ហើយ និងព្យាបាលជាសះស្បើយចំនួន៣នាក់។ ក្នុងចំនួននេះ មាន៧នាក់ជាករណីនាំចូលពីខេត្តក្រៅ ហើយមានមួយករណីនៃទៀត គឺការនាំចូលនេះបានបន្តការចម្លងនៅក្នុងសហគមន៍ចំនួន១១នាក់។ ជាមួយការឆ្លងរីការាលដាលនេះ អាជ្ញាធរខេត្ត បានធ្វើការបិទទីតាំងមួយចំនួនជាបន្តបន្ទាប់ ដូចជាភូមិខ្វៀន ភូមិគោកតាចាន់ ផ្សារភូមិភាគ៤ ក្នុងសង្កាត់គោកចក និងចុងក្រោយនេះ គឺការបិទនូវផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ និងផ្សារវត្តអធ្វាក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប។ អាជ្ញាធរខេត្ត ក៏បានដាក់ចេញនូវបម្រាមគោចរពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ផងដែរ៕




