អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកនិយាយថា សហរដ្ឋអាមេរិកអាចនឹងបន្តប្រើប្រាស់វ៉ាក់សាំងរបស់ Johnson &Johnson ជាមួយការព្រមាន និងការរឹតត្បិត
អាមេរិក៖ ប្រធានទីប្រឹក្សាវេជ្ជសាស្រ្តរបស់សេតវិមាន លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី និយាយថា រូបលោកជឿជាក់ថា សហរដ្ឋអាមេរិកអាចនឹងបន្តប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ក្រុមហ៊ុន Johnson &Johnson ជាមួយនឹងការព្រមាន ឬក៏ភ្ជាប់នឹងការរឹតត្បិត ។
និយ័តករសុខាភិបាលអាមេរិកកាលពីថ្ងៃអង្គារ៍សប្តាហ៍កន្លងទៅ បានសម្រេចផ្អាកការប្រើប្រាស់វ៉ាក់សាំងរបស់ Johnson និង Johnson ដែលជាវ៉ាក់សាំងចាក់តែមួយដូសជាបណ្តោះអាសន្នសិន ដើម្បីស៊ើបអង្កេតលើរបាយការណ៍អំពីបញ្ហាកំណកឈាមចំនួន៦ករណី ក្នុងចំណោមមនុស្សដែលបានចាក់វ៉ាក់សាំងនេះជាង ៧លាននាក់ ។
ជុំវិញបញ្ហាខាងលើនេះដែរ លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី បានប្រាប់កម្មវិធី «Face the Nation» របស់ទូរទស្សន៍ CBS នៅថ្ងៃអាទិត្យម្សិលមិញថា សេចក្តីសម្រេចថាតើត្រូវបន្តប្រើវ៉ាក់សាំង Johnson &Johnson ឬមួយយ៉ាងណានោះ នឹងដឹងលទ្ធផលឆាប់ៗនៅថ្ងៃសុក្រសប្តាហ៍នេះ ដោយបន្ថែមថា គ្មានការភ្ញាក់ផ្អើលទេ ប្រសិនបើមានការបន្តប្រើប្រាស់វ៉ាក់សាំងនេះឡើងវិញក្នុងទម្រង់ណាមួយ ៕ ប្រភព៖ CNBC


