ចាប់ខ្លួនមនុស្ស៣៨នាក់ ដែលធ្វើដំណើរឆ្លងកាត់ខេត្ត ក្នុងពេលកម្ពុជា កំពុងអនុវត្ត បម្រាមធ្វើដំណើរ ឆ្លងកាត់ខេត្តនិងរាជធានី (Video Inside)
មនុស្ស៣៨នាក់ ត្រូវឃាត់ខ្លួនក្នុងហេតុការណ៍២ផ្សេងគ្នា ក្នុងពេលដែលកម្ពុជាកំពុងអនុវត្តបំរាម ហាមធ្វើដំណើរ ឆ្លងកាត់ខេត្តនិងរាជធានីដើម្បីកាត់ផ្តាច់ការឆ្លងកូវីដ១៩។ មនុស្ស៣៨នាក់ ក្នុងនោះរួមជនបរទេស៣៤នាក់ ត្រូវបានបង្ក្រាបនៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០និង២៣មេសា។ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ សម សាមួន បានថ្លែងនៅថ្ងៃនេះបញ្ជាក់ថា ក្នុងចំណោមជនបរទេស៣៤នាក់នោះ រួមមានជនជាតិឥណ្ឌូណេស៊ី ១៦នាក់ និងជនជាតិចិន ១៨នាក់។ ជនជាតិខ្មែរបួននាក់ទៀតដែលបានចាប់ខ្លួន គឺជាអ្នកបើកបរដឹកជញ្ជូន ។
លោកឧត្ដមសេនីយ៍ទោ សម សាមួន បានបញ្ជាក់ថាការចាប់លើកទី១ បានធ្វើនៅផ្សារឧដុង្គ ឃុំវាំងចាស់ នៃស្រុកឧដុង្គ ដោយបានចាប់ខ្លួនមនុស្ស ១៨នាក់ ដែលប៉ុនប៉ងធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការចាប់លើកទី២ បានធ្វើផ្សារឧដុង្គ ជាមួយការចាប់ខ្លួនមនុស្ស២០នាក់ ដែលបានប៉ុនប៉ងធ្វើដំណើរទៅ ខេត្តបាត់ដំបង។ អ្នកបំពានទាំងអស់ ត្រូវបានចាប់ផាកពិន័យជាប្រាក់១លាន២សែនរៀល និងជនបរទេសត្រូវបានបញ្ជួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តចំណាត់ការតាមផ្លូវច្បាប់, ចំណែកជនជាតិខ្មែរ ៤រូបត្រូវបាន បញ្ជួនទៅកាន់តុលាការនិងកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។