រាជរដ្ឋាភិបាលចេញសេចក្ដីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញៈ រាជរដ្ឋាភិបាលបានចេញសេចក្ដីណែនាំស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ នៅតាមបណ្តារាជធានី-ខេត្ត។ សេចក្ដីណែនាំនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីណែនាំបានឲ្យដឹងថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ដែលវិធានការទាំងនេះ រួមមាន៖ ការហាមឃាត់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់រាជធានី-ខេត្ត , ការបិទរមណីយដ្ឋាន ទេសចរណ៍នៅទូទាំងប្រទេស ព្រមទាំងការបិទខ្ទប់ភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូរីដ-១៩។ ទន្ទឹមនេះ គណៈអភិបាលខេត្តនានាក៏បានដាក់ចេញ នូវវិធានការចាំបាច់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសការដាក់ចេញនូវវិធានការបិទខ្ទប់ និងការកាត់ផ្តាច់ចរាចរណ៍មិនឱ្យចេញពីតំបន់ ដែលមានការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ដោយផ្អែកលើបរិបទខាងលើនេះ និងដើម្បីធានា ក៏ដូចជា សម្រួលឡើងវិញដល់ដំណើរការសេដ្ឋកិច្ច និងសង្គមជាតិ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យមានការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយឡើងវិញ ក៏ដូចជាការបើកឱ្យដំណើរការឡើងវិញនូវរមណីយដ្ឋាន ទេសចរណ៍នៅតាមបណ្តាខេត្ត តាមរយៈសេចក្ដីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លើកលែងតែតំបន់បិទខ្ទប់នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងតំបន់បិទខ្ទប់ ផ្សេងទៀត ដែលស្ថិតនៅជាធរមាន។

ក្នុងសភាពការណ៍ថ្មីនេះ និងក្នុងគោលដៅបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្ត រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត ត្រូវ ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតដើម្បីដាក់ចេញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានាដូចខាងក្រោម៖
១-សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាលដែលត្រូវបានបិទខ្ទប់ ដោយ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល, គណៈអភិបាលរាជធានីភ្នំពេញ និងគណៈអភិបាលខេត្តកណ្តាលត្រូវបន្ត ពង្រឹងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបិទខ្ទប់នេះ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះទៅតំបន់ផ្សេងទៀត ជាពិសេស ចរាចរណ៍មនុស្សចេញ-ចូលតំបន់បិទខ្ទប់នេះ ការពង្រឹងការអនុវត្ត ដោយម៉ឺងម៉ាត់នូវវិធានការនេះ ក៏ត្រូវអនុវត្តផងដែរសម្រាប់តំបន់បិទខ្ទប់ផ្សេងទៀតដែលត្រូវបានសម្រេច ដោយគណៈអភិបាលខេត្តនៅក្នុងភូមិសាស្ត្រដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន។
២-សម្រាប់ភូមិសាស្ត្រ ឬទីតាំងដែលមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គណៈអភិបាលខេត្ត ត្រូវចាត់វិធានការ សំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះទៅតំបន់ផ្សេងទៀតឱ្យបានឆាប់ រហ័ស និងទាន់ពេលវេលា តាមរយៈការដាក់ចេញវិធានការនានា ជាអាទិ៍ ការបិទខ្ទប់នូវភូមិសាស្ត្រដែលមាន ការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ-១៩ , ការផ្អាកសកម្មភាពអាជីវកម្ម មុខរបរ ឬសកម្មភាពការងារ, ការកាត់ផ្តាច់ ចរាចរណ៍ចេញ-ចូលតំបន់នោះ, ការដាក់ចេញនូវវិធានការកំណត់ និងស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និង ដោយប្រយោលជាមួយអ្នកមានផ្ទុកមេរោគកូវីដ-១៩, ការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ការពង្រឹង វិធានការធ្វើចត្តាឡីស័ក និងការព្យាបាល ដោយអនុវត្តស្របតាមច្បាប់ អនុក្រឹត្យ និងបទប្បបញ្ញត្តិពាក់ព័ន្ធ ផ្សេងទៀតស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូរីដ-១៩។
៣- សម្រាប់អ្នកធ្វើដំណើរចេញពីតំបន់ដែលមានផ្ទុះការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩, គណៈ អភិបាលខេត្ត ត្រូវចាត់វិធានការដោយម៉ឺងម៉ាត់ និងចាំបាច់ ជាពិសេស ការយកសំណាករបស់អ្នកធ្វើដំណើរ ដើម្បីវិភាគរហ័សរកមេរោគកូវីដ-១៩ , ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការរក្សា គម្លាតសុវត្ថិភាព, ការអនុវត្តវិធានការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរដែលវិលត្រឡប់មករស់នៅ ឬស្នាក់នៅ រយៈពេលវែងនៅក្នុងភូមិសាស្ត្រដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដោយឡែក ចំពោះអ្នកធ្វើដំណើរដែល មានលិខិតបញ្ហាបេសកកម្មរបស់ស្ថាប័នសាធារណៈ ឬអ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកធ្វើដំណើរស្នាក់នៅរយៈពេល ខ្លី (តិចជាង១សប្តាហ៍) គណៈអភិបាលខេត្ត ដោយសហការជាមួយមន្ត្រីសុខាភិបាល ត្រូវរៀបចំការយកសំណាក ទៅវិភាគរហ័សរកមេរោគកូវីដ-១៩។ ក្នុងករណីដែលរកឃើញថាវិជ្ជមានមេរោគកូវីដ-១៩ គណៈអភិបាលខេត្ត ដោយសហការជាមួយមន្ត្រីសុខាភិបាល ត្រូវអនុវត្តនីតិវិធីបន្តផ្នែកសុខាភិបាល។ ផ្ទុយទៅវិញ ក្នុងករណីដែលពុំ រកឃើញវិជ្ជមានមេរោគកូវីដ-១៩ អ្នកធ្វើដំណើរនោះត្រូវបានអនុញ្ញាតឱ្យចូលទៅស្នាក់នៅ និងបំពេញការងារ ដោយត្រូវជូនដំណឹងអំពីទីកន្លែងស្នាក់នៅដល់អាជ្ញាធរដែនដីមានសមត្ថកិច្ច និងត្រូវអនុវត្តវិធានការសុខាភិបាល នានា ដូចជា ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព នៅក្នុងអំឡុងពេលដែលខ្លួនស្នាក់នៅ។ លទ្ធផល នការវិភាគរហ័សរកមេរោគកូវីដ-១៩ ដែលអនុវត្តនៅក្នុងភូមិសាស្ត្រនៃខេត្តមួយ មានសុពលភាពសម្រាប់ ភូមិសាស្ត្រនៃខេត្តដទៃ នៅក្នុងថ្ងៃតែមួយ។
៤- ក្នុងករណីដែលមានផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តដែលមានព្រំប្រទល់ជាប់នឹង ខេត្តដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន , គណៈអភិបាលខេត្តពាក់ព័ន្ធអាចសហការគ្នាដើម្បីដាក់ចេញនូវវិធានការ រឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ភូមិសាស្ត្រខេត្តដែលស្ថិតក្នុងសមត្ថកិច្ចរៀងខ្លួនជា បណ្តោះអាសន្ន ដោយអនុវត្តស្របតាមអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

បន្ថែមពីលើការពង្រឹងវិធានការដូចបានណែនាំខាងលើ និងដោយផ្អែកលើសភាពការណ៍នៃការឆ្លង រាលដាលនៃជំងឺកូវីដ១៩. នៅក្នុងភូមិសាស្ត្ររបស់ខ្លួនគណៈអភិបាលរាជធានី-ខេត្តត្រូវយកចិត្តទុកដាក់ បន្ថែមទៀតដើម្បីដាក់ចេញឱ្យបានឆាប់រហ័ស និងទាន់ពេលវេលានូវវិធានការផ្សេងទៀត ស្របតាមអនុក្រឹត្យ លេខ៥៧ អនក្របក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យលេខ ៣៧ អនក្រ បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ជាអាទិ៍៖

  • វិធានការរឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រដែលមានការឆ្លង រាលដាលនៃជំងឺកូវីដ-១៩
  • វិធានការបិទខ្ទប់ទីកន្លែង តំបន់ ឬភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ – វិធានការរឹតត្បិត ឬការហាមឃាត់ការជួបជុំនិងការប្រមូលផ្តុំមនុស្សដែលសកម្មភាពនេះអាចបណ្ដាល ឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាអាទិ៍ ការជួបជុំសេពគ្រឿងស្រវឹង
  • វិធានការហាមឃាត់ ឬការកម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរដែលជាហានិភ័យ ឬជាប្រភពនៃ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាអាទិ៍ ការហាមឃាត់ការលក់ដូរគ្រឿងស្រវឹង
  • វិធានការបម្រាមគោចរ
  • វិធានការកំណត់និងស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកមានផ្ទុកមេរោគ កូវីដ-១៩, វិធានការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងការពង្រឹងវិធានការធ្វើចត្តាឡីស័ក និងការព្យាបាល
  • ការពង្រឹងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” ។ល៕

ដោយ: ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner