ចំនួនអ្នកស្លាប់កើនដល់៨នាក់ ក្រោយមនុស្សរាប់ពាន់ចេញធ្វើបាតុកម្មសាជាថ្មីនៅថ្ងៃអាទិត្យម្សិលមិញ
មីយ៉ាន់ម៉ា៖ កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបើកការបាញ់ទៅលើក្រុមបាតុករដែលបានធ្វើការតវ៉ាទ្រង់ទ្រាធំប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយហោចណាស់មនុស្ស៨នាក់ត្រូវបានសម្លាប់នៅថ្ងៃអាទិត្យម្សិលមិញ ។
ការតវ៉ាបន្ទាប់ពីមនុស្សច្រើនបានថយចុះ និងហាក់ដូចជាមានការអត់ធ្មត់ពីការបង្ក្រាបដោយកម្លាំងសន្តិសុខមួយរយៈពេលមក បានកើតឡើងជាថ្មីដែលលើកនេះជាបណ្តាញនៃបាតុកម្មពីសហគមន៍មីយ៉ាន់ម៉ាទូទាំងពិភពលោក ដែលត្រូវបានកត់សំគាល់ឃើញថា ជា «បដិវត្តនិទាឃរដូវពិភពលោករបស់មីយ៉ាន់ម៉ា» ។ ការធ្វើបាតុកម្មបានចាប់ផ្តើមនៅចំកណ្តាលទីក្រុងពាណិជ្ជកម្មរ៉ង់ហ្គូន នៅពេលដែលក្រុមសកម្មជនបានអំពាវនាវឱ្យបង្ហាញកម្លាំង និងធ្វើបដិវត្តនិទាឃរដូវ ។ យុវជនបានប្រមូលផ្តុំគ្នានៅផ្លូវកាច់ជ្រុងមួយ មុនពេលហែក្បួនតាមដងផ្លូវក្នុងហ្វូងមនុស្សយ៉ាងច្រើនកកកុញបានចាប់ផ្តើមយ៉ាងលឿន ហើយបែកខ្ចាត់ខ្ចាយភ្លាមៗដើម្បីចៀសវាងការប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ ។
សូមជម្រាបថា ទីក្រុងធំៗ ទីជនបទ តំបន់ដាច់ស្រយាល និងសូម្បីតែតំបន់ព្រំដែនដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏កំពុងស្ថិតក្នុងភាពច្របូកច្របល់ផងដែរ ចាប់តាំងពីយោធាបានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី ចេញពីអំណាចកាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ។ បើតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនោះ រហូតមកទល់ពេលនេះមានមនុស្ស៧៥៩នាក់ហើយ បានស្លាប់នៅក្នុងការបះទង្គិចជាមួយកងកម្លាំងយោធារបស់រដ្ឋាភិបាល ៕ ប្រភព៖ Reuters


