រាជធានី​ភ្នំពេញ​ទោះ​បញ្ចប់​ការបិទ​ខ្ទប់​ក៏ដោយ ក៏​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់​នៅតែ​រក្សា​ការបិទ​ខ្ទប់​ដដែល​

​ភ្នំពេញៈ​ព័ត៌មាន​ស្តីពី​ការ​នឹង​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត​ត្រូវបាន​បញ្ជាក់​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​កាលពី​រាត្រី​ថ្ងៃទី​២​ខែឧសភា​ម្សិលមិញ​។​ ប៉ុន្តែ​ការបិទ​ខ្ទប់​នឹង​បន្ត​ធ្វើជាតំបន់​តូចៗ​ដែលមាន​ហានិភ័យ​ខ្ពស់​។​

​បញ្ជាក់​ពី​ចំណុច​នេះ​សម្រាប់​រាជធានី​ភ្នំពេញ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជា​ធានី​ភ្នំពេញ​មានប្រសាសន៍ ថា ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​នៅ​ថ្ងៃទី​០៥​ឧសភា​ក្តី ក៏​រាជធានី​ភ្នំពេញ​នៅតែ​រក្សា​ការកំណត់​តំបន់​ចំនួន​បីដដែល គឺតំបន់​លឿង តំបន់​លឿងទុំ និង​តំបន់​ក្រហម ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ ​ដោយ​គ្រាន់តែ​បង្រួម​តំបន់​តំបន់ លឿងទុំ​ និង​តំបន់​ក្រហម ឱ្យនៅ​តូច​ជាង​មុន​ប៉ុណ្ណោះ​។​

​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ​បានបញ្ជាក់​បញ្ហា​នេះ​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានីភ្នំពេញ តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​ព្រឹក​ថ្ងៃទី​០៣ ឧសភា​នេះ នា​សាលា​រាជធានី​ភ្នំពេញ។ ​ឯកឧត្តម​បាន មានប្រសាសន៍ថា រាជរដ្ឋាភិបាល​នឹង​បើក​ឱ្យធ្វើ​ចរាចរណ៍​ឡើងវិញ​នៅ​ទូទាំងប្រទេស ពី​តំបន់​មួយ ទៅ​តំបន់​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ។ ដោយឡែក សម្រាប់​រាជធានី​ភ្នំពេញ​នៅ​រក្សា​តំបន់​បី​ដដែល​។ តំបន់​លឿង តំបន់​រឿង​ទុំ និង​តំបន់​ក្រហម​។ ជាមួយនឹង​ការបញ្ជាក់​នេះ ឯកឧត្តមបាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​ឲ្យ​បាន​ម៉ត់ចត់​ទៅលើ​ទីតាំង​ដែល​បានកំណត់ ជៀសវាង​ការបន្ត​រីករ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទៅ​តំបន់​ផ្សេងទៀត​។​

​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​នា​ព្រឹក​នេះ មាន​គោលបំណង​ដើម្បី​រៀបចំ​នូវ​យន្តការ​ថ្មី​មួយទៀត ក្រោយពី​រាជរដ្ឋាភិបាល​បាន​បើក​ការធ្វើ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ ដូចជា​នៅតាម​បណ្ដា​ខេត្ត​នានា​ឡើងវិញ​។ ​ឯកឧត្តម ឃួ​ង ស្រេង បាន​ប្រាប់​អង្គប្រជុំ​ថា ចំពោះ​តំបន់​លឿង យើង​នៅ​រក្សា​ការអនុវត្ត​វិធានការ​ដដែល ដោយ​មិន​ឲ្យ​បើកហាង​ហូបចុក ដែលមាន​តុ​អង្គុយ និង​ការជួបជុំ​ផ្សេងទៀត។ ​ដោយឡែក​សម្រាប់​តំបន់​លឿងទុំ ត្រូវ​រក្សា​នូវ​បម្រាម​ដដែល ហើយ​សម្រាប់​តំបន់​ក្រហម គឺជា​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត។ អ្វីដែល​យើង​ត្រូវអនុវត្ត គឺ​យើង​ត្រូវ​បង្រួម​ការបិទ​ខ្ទប់ តំបន់​ប្រឈម​ឱ្យមក​នៅ​ទ្រង់ទ្រាយ​តូច​ជាង​មុន​។​

​ឯកឧត្តម កើត ឆែ​អភិបាលរង​រាជធានី​ភ្នំពេញ​បានបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា​វិធាន​ការបិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃទី​០៥​ ខែឧសភា​ខាងមុខនេះ​។ មានន័យថា នៅសល់តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ ក្រោយ​ថ្ងៃ​០៥ មិនមែន​បើក​រាជធានី​ភ្នំពេញ​ទាំងស្រុង​នោះទេ ដោយ​យើង​ខ្លាច​មានការ​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​ទៅ​តំបន់​ផ្សេងទៀត ដោយសារ​ថា មកដល់ពេលនេះ ការរីក​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅមាន​ចំនួន​រាប់រយ​នាក់​នៅឡើយ​ទេ។ ដូច្នេះ​ក្រោយ​ថ្ងៃ​០៥ ខែឧសភា​ការបិទ​ខ្ទប់​តំបន់​មួយចំនួន​គឺ​នៅ​រក្សា​ដដែល​ជាមួយនឹង​ការហាម​ប្រាម​ការធ្វើ​ចរាច​រនៅ​តំបន់​មួយចំនួន ហាមប្រាម​ការបើក​ហាង​ផឹកស៊ី។ អាជ្ញាធរ​ខណ្ឌ​នីមួយៗ​ ត្រូវតែ​ពិនិត្យ​ភូមិសាស្ត្រ​របស់ខ្លួន​ឲ្យបានច្បាស់លាស់ជុំវិញ​ទីតាំង​ដែល​ត្រូវ​បិទ​បន្ត។ ​ចំពោះ​សេចក្តីសម្រេច​នានា រដ្ឋបាល​នឹង​ចេញ​​ដើម្បី​អនុវត្ត​ជា​បន្តបន្ទាប់​ទៀត​៕
​ដោយៈ ជម្ពូនុទ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner