សមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រទទួលអំណោយពីសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ
ភ្នំពេញ ៖ អំណោយជាថវិកា និងស្បៀងអាហារមួយចំនួនរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានប្រគល់ជូនសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ ដើម្បីជួយសម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។
ពិធីប្រគល់ និងទទួលនេះបានរៀបចំឡើង នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម អ៊ំុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា ផ្ញើជូនបងប្អូន និងក្មួយរស់នៅក្នុងសមាគមចលនាវប្បធម៌ជាតិ ដើម្បីកុមារកំព្រា កុមារក្រីក្រ ប្រកបដោយក្តីនឹករលឹក។
ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួនមិនគួរធ្វេសប្រហែសឡើយ ពីព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ដដែលនៅកម្ពុជាក៏ដូចជាពិភពលោកទំាងមូល បើទោះបីជាពេលនេះរាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។
ដូច្នេះ ត្រូវប្រកាន់ខ្ជាប់នូវវិធាន ៣ការពារ ៣កុំ និង២ចូលរួម ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ”។ អំណោយដែលផ្តល់ជូននាឱកាសនោះរួមមាន៖ មី២០កេស ត្រីខកំប៉ុង ០២កេសធំ ទឹកត្រី១០យូរ ទឹកស៊ីអ៉ីវ១០យូរ អង្ករ៥០០គីឡូក្រាម និងថវិកា០១លានរៀល៕ ដោយ / គ្រី សម្បត្តិ