១៦ថ្ងៃនៃការចាក់វ៉ាក់សាំង ក្នុងតំបន់ក្រហម បានចំនួនជិត៧០ម៉ឺននាក់ (Video Inside)
យុទ្ធនាការចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមរយៈពេល១៦ថ្ងៃកន្លងមកនេះ បានផ្តល់លើពលរដ្ឋចំនួនជិត៧០ម៉ឺន នាក់ហើយ។ ការបន្តចាក់ក្នុងថ្ងៃទី១៧ឧសភានេះ បានសម្រុកធ្វើបន្ថែមទៀតក្នុងយុទ្ធសាស្ត្រ «ផ្ការីក» ដើម្បីបង្កើត ភាពស៊ាំក្នុងប្រទេសកម្ពុជា។
សេចក្តីរាយការណ៍អាជ្ញាធរបានឲ្យដឹងថា ចាប់តាំងពីមានយុទ្ធនាការចាក់វ៉ាក់សាំងក្នុង តំបន់ក្រហមលើកដំបូងថ្ងៃ ទី១ឧសភានោះមក ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី១៦ឧសភា បានចាក់ជូនប្រជាពលរដ្ឋ បានចំនួន៦៩ម៉ឺន៤ពាន់២១៣នាក់ហើយ។
របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមអ្នកចាក់ទាំងជិត ៧០ម៉ឺននាក់ក្នុងបណ្តាខណ្ឌដែលមានតំបន់ក្រហមនោះ គឺខណ្ឌមានជ័យ ចាក់បាន១៣ម៉ឺន២ពាន់៤៦២នាក់, ខណ្ឌដង្កោ ចាក់បាន ១៣ម៉ឺន៦៥៣នាក់, ខណ្ឌកំបូល ចាក់បាន១០ម៉ឺន៤ពាន់១៥២នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន២៣ម៉ឺន៧ពាន់៥៥១នាក់, ខណ្ឌឫស្សីកែវ ចាក់បាន៥ម៉ឺន៤ពាន់២៦៦នាក់ និងខណ្ឌទួលគោក ចាក់បាន ២ម៉ឺន៥ពាន់១២៩នាក់។ រាជរដ្ឋាភិបាលមានគម្រោងពង្រីក ការចាក់វ៉ាក់សាំងក្នុងតំបន់ប្រឈមហានិភ័យខ្ពស់ នោះលើប្រជាពលរដ្ឋចំនួនជាង៨០ម៉ឺននាក់។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១៦ឧសភាឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋបានចំនួន២លាន១សែន៥ម៉ឺន៣៤០នាក់ហើយ នៃចំនួនប្រជាជនដែលគ្រោងនឹងចាក់១០លាននាក់, ក្នុងនោះអ្នកបានចាក់វ៉ាក់សាំង២ដូសរួច មានចំនួន១លាន១ សែន៨ម៉ឺន៥ពាន់២៣៤នាក់។