ខេត្តតាកែវ រកឃើញអ្នកឆ្លងថ្មី៥១ករណី (Video Inside)
ខេត្តតាកែវបានរកឃើអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៥១ករណីបន្ថែមទៀត ដែលជាចំនួនកើនឡើងច្រើនជាបន្តបន្ទាប់។ កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍កន្លងមកនេះ ការផ្ទុះឆ្លងក្នុងខេត្តនោះមានចំនួន៨០ករណីដែលនាំឲ្យតួលេខឆ្លងក្នុង ខេត្តបានកើនជិត៣០០នាក់ហើយ។ សេចក្តីរាយការណ៍រដ្ឋបាលខេត្តថ្ងៃនេះ នៅបានបញ្ជាក់ជុំវិញមនុស្សម្នាក់ ដែលបានស្លាប់ដោយសារកូវីដ១៩នេះផងដែរក្នុងខេត្តតាកែវនោះ។
យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លង ថ្មីទាំង៥១ករណីនា២៤ម៉ោងចុងក្រោយនេះ រួមមានអាជីវករ, កសិករ, កម្មករ និងសិស្សសាលាជាដើម។ រដ្ឋបាលខេត្តបានបន្តថាក្នុងចំណោមអ្នកវិជ្ជមានទាំង៥១នាក់នោះ គឺមានចំនួន ២៧នាក់រស់នៅស្រុកបាទី, ១៥ នាក់នៅស្រុកព្រៃកប្បាស, ម្នាក់នៅស្រុកសំរោង, ២នាក់ក្នុងស្រុកអង្គរបុរី, ២នាក់ នៅក្នុងស្រុកទ្រាំង និងនៅក្នុង ស្រុកត្រាំកក់មានចំនួន៤នាក់។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ និង ក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ទាំង ៥១ នាក់នោះ ត្រូវរាយការណ៍ជូន អាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុស កូវីដ-១៩ នៅតាមមណ្ឌល សុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ហើយត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹម ត្រូវតាមវិធានការរបស់ ក្រសួងសុខាភិបាល។