ក្រសួងសេដ្ឋកិច្ចចេញសេចក្តីសម្រេចស្តីពីយន្តការ និងនីតិវិធីនៃការអនុវត្តជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ពលរដ្ឋមានជីវភាពខ្វះខាត និងសម្រាប់គ្រួសារស្លាប់ និងឆ្លងជំងឺកូវីដ១៩
ភ្នំពេញៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចស្តីពីយន្តការ និងនីតិវិធី នៃការអនុវត្តកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមាន អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈ២០២១។ សេចក្តីសម្រេចនេះបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដោយឯកឧត្តមឧបនាយកករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ស្មារតីនៃសេចក្តីសម្រេចនេះមានគោលបំណងកំណត់អំពីយន្តការ និងនីតិវិធី នៃការដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាពដែលស្ថិតក្នុង តំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងជំនួយសង្គមជាសាច់ប្រាក់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវី-១៩ និងមានការលំបាកផ្នែកជីវភាព និងសម្រាប់គ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស។
សេចក្តីសម្រេចនេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដូចខាងក្រោម៖
១. គ្រសារមានការលំបាកផ្នែកជីវភាព និងកម្មករ និយោជិតបម្រើការងារ នៅតាមរោងចក្រ សហគ្រាសនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ក្នុងភូមិសាស្ត្រ ដែលត្រូវបានអនុវត្តវិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និង ក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ។
២. គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព, កម្មករ និយោជិតបម្រើការងារ នៅតាមរោងចក្រ-សហគ្រាស នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបដែលឆ្លងជំងឺកូវីដ-១៩ និងនៅក្រៅតំបន់អនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវី៥-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ក្នុងភូមិសាស្រ្តទូទាំងប្រទេស។
សេចក្តីសម្រេចបញ្ជាក់ទៀតថា ការបើកផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព, កម្មករ និយោជិតគោលដៅ, និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ដែលស្ថិតក្រោមវិសាលភាពនៃសេចក្តីសម្រេចនេះ ត្រូវចាប់ផ្តើមពីដើមខែមិថុនា ឆ្នាំ២០២១៕
សូមអានខ្លឹមសារនៃសេចក្តីសម្រេចទាំងស្រុងនៅខាងក្រោម៖













