លោក ចូ បៃដិន មានផែនការបញ្ជូនវ៉ាក់សាំង២០លានដូសដែលត្រូវបានអនុម័តអោយប្រើក្នុងសហរដ្ឋអាមេរិកទៅក្រៅប្រទេសជាលើកដំបូង

អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានផែនការបញ្ជូនវ៉ាក់សាំងបង្ការជំងឺ Covid-19 ប្រមាណ២០លានដូសបន្ថែមទៀតទៅបរទេសនៅត្រឹមចុងខែមិថុនាខាងមុខ ដែលនេះជាលើកដំបូងហើយ ដែលសហរដ្ឋអាមេរិកចែកចាយវ៉ាក់សាំងដែលត្រូវបានអនុញ្ញាតសម្រាប់ការប្រើប្រាស់ក្នុងប្រទេស ។
ប្រធានាធិបតីអាមេរិករូបនេះនៅថ្ងៃចន្ទប្រកាសថា រដ្ឋបាលរបស់លោកនឹងបញ្ជូនវ៉ាក់សាំង Pfizer-BioNTech, Moderna និង Johnson & Johnson បន្ថែមពីលើវ៉ាក់សាំង AstraZeneca ចំនួន៦០លានដូស ដែលលោកគ្រោងនឹងផ្តល់ទៅអោយប្រទេសផ្សេងទៀត ។ លោក បៃដិន បានបញ្ជាក់ដូច្នេះថា ដូចនៅក្នុងសង្គ្រាមលោកលើកទី២អញ្ចឹង អាមេរិកគឺជាឃ្លាំងនៃលទ្ធិប្រជាធិបតេយ្យ ។ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ប្រទេសរបស់យើងនឹងក្លាយជាឃ្លាំងវ៉ាក់សាំង ។ យ៉ាងណាមិញ សេតវិមានមិនបានផ្តល់ព័ត៌មានលម្អិតអំពីថាតើប្រទេសណា នឹងទទួលបានវ៉ាក់សាំងទាំងនេះទេ ។
សូមបញ្ជាក់ថា គម្រោងចែកចាយខាងលើនេះ បានកត់សម្គាល់អំពីយុទ្ធសាស្រ្តរបស់សេតវិមាន ស្របពេលដែលរដ្ឋបាលអាមេរិកព្យាយាមប្រើប្រាស់ការផ្គត់ផ្គង់វ៉ាក់សាំងរបស់ប្រទេសជាឧបករណ៍ការទូត ។ បើតាមលោក ចូ បៃដិន នោះ គ្មានប្រទេសណាផ្សេងទៀតនឹងបញ្ជូនវ៉ាក់សាំងទៅបរទេសច្រើនជាងសហរដ្ឋអាមេរិកឡើយ ។ រហូតមកដល់ពេលនេះ អាមេរិកបានបញ្ជូនវ៉ាក់សាំង AstraZeneca ពីរបីលានដូសទៅហើយ ទៅអោយកាណាដា និងម៉ិកស៊ិក ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner