លោក ចូ បៃដិន បង្ហាញជំហរគាំទ្របទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស់នៅតំបន់ហ្គាហ្សា
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញការគាំទ្រលើបទឈប់បាញ់មួយ ដើម្បីបិទបញ្ចប់ជម្លោះយ៉ាងបង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស់ប៉ាឡេស្ទីន ។
អ្នកនាំពាក្យសេតវិមានលោកស្រី ជេន ផ្សាគី បាននិយាយថា លោក បៃដិន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ នៅថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ដែលជាកិច្ចសន្ទនាលើកទី៣រវាងមេដឹកនាំទាំងពីរចាប់តាំងពីជម្លោះផ្ទុះឡើងមក ។ នៅក្នុងកិច្ចសន្ទនានោះ លោក បៃដិន បានជំរុញឱ្យអ៊ីស្រាអែលត្រូវតែធានាឱ្យបានពីកិច្ចគាំពារអាយុជីវិតជនស៊ីវិលស្លូតត្រង់ ប៉ុន្តែលោក បៃដិន នៅតែបង្ហាញការគាំទ្រយ៉ាងមុតមាំ ចំពោះសិទ្ធិការ ពារខ្លួនរបស់អ៊ីស្រាអែល ប្រឆាំងនឹងគ្រាប់រ៉ុក្តែតដែលវាយប្រហារដោយក្រុមហាម៉ាស់ ។
សូមជម្រាបថា ស្របពេលដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ក្នុងតំបន់ហ្គាហ្សា ហាក់ដូចជាមិនមានសញ្ញាធូរស្រាលនោះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងរងសម្ពាធកាន់តែខ្លាំងពីសមាជិកសភាមួយចំនួននៅក្នុងជួរគណបក្សប្រជាធិបតេយ្យ ដែលចង់ឱ្យលោកដើរតួនាទីបន្ថែម ប៉ុន្តែរដ្ឋបាល លោក បៃដិន នៅតែជ្រើសរើសរក្សាភាពស្ងប់ស្ងាត់ ដោយសុខចិត្តបើកកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិកក្នុងពិភពអារ៉ាប់ ៕ ប្រភព៖ CNA



