ពាក្យស្នើសុំសិទ្ធិនយោបាយឡើងវិញរបស់លោក ប៉ុល ហំម និងមេធាវីការពារលោក កឹម សុខា បានចូលដល់ក្រសួងមហាផ្ទៃ
ភ្នំពេញៈនៅទីបំផុតលិខិតស្នើសុំលើកបម្រាមសិទ្ធិនយោបាយដើម្បីផ្តល់នីតិសម្បទាឡើងវិញរបស់លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ និងមេធាវីការពារលោក កឹម សុខា បានចូលទៅដល់ក្រសួងមហាផ្ទៃជាផ្លូវការហើយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

យោងតាមលិខិតរបស់លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ដាក់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែឧសភាបានបញ្ជាក់ថា “ខ្ញុំបាទ ប៉ុល ហំម អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍, ខ្ញុំបាទ ផាន់ ច័ន្ទសាក់ អតីតសមាជិកគណៈកម្មាធិការនាយក ដែលកំពុងស្ថិតនៅក្នុងការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ៣៤០ (ឆ) ករណីគណបក្សសង្គ្រោះជាតិចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧របស់តុលាការកំពូល។ដោយផ្អែកតាមមាត្រា៤៥ថ្មី(ស្ទួនមួយ)នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឱ្យអ្នកដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ អាចទទួលបាននីតិសម្បទា ធ្វើនយោបាយឡើងវិញ។ ដូចនេះ ខ្ញុំបាទសូមស្នើសុំសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យតាមនីតិវិធីដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់រូបខ្ញុំដោយក្តីអនុគ្រោះ”។
ចំណែកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ប្រាប់ AMS ថា ក្រសួងមហាផ្ទៃបានទទួលពាក្យស្នើសុំលើកបម្រាមសិទ្ធិនយោបាយ ដើម្បីផ្តល់នីតិសម្បទាឡើងវិញរបស់លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ហើយ។ បន្ទាប់ពីទទួលបានលិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ គឺនឹងស្នើសុំយោបល់ពីសម្តេចក្រឡាហោម ស ខេង។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិបានប្រាប់ថា នៅមានអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនទៀតគ្រោងនឹងដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅពេលឆាប់ៗខាងមុខនេះ។
យោងតាមកំណត់ត្រារបស់ AMS បានបង្ហាញថា រហូតមកដល់ពេលនេះ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២១រូប ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញ ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២១រូប ដែលទទួលបាននីតិសម្បទាឡើងវិញ មានដូចជា៖
១. លោក គង់ គាំ អតីតឧត្តមទីប្រឹក្សានៃអតីតគណបក្សសង្គ្រោះជាតិ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
២. លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
៣. លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
៤. លោក ជីវ កត្តា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៥. លោក កង គឹមហាក់ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៦. លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៧. លោក ច័ន្ធ សិលា ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៨. លោកស្រី ទេព សិទ្ធី ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៩. លោក ស៊ិន សុវណ្ណនី ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩)។
១០. លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០) ។
១១. លោក តាវ គឹមឈន អតីតសមាជិកក្រុមការងារ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០)
១២. លោក វ៉ា សាម៉ុន អតីតសមាជិកក្រុមការងារ នៃអតីតគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០)
១៣. លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
១៤. លោកថាច់ សេដ្ឋា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។
១៥. លោកយ៉ែម បុញ្ញឫទ្ធិ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៦. លោកមុត ចន្ថា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៧. លោកឡុង គឹមឃន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៨. លោកស្រី យ៉ង់ ផាន់ណេត ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៩. លោក ជុំ ចាន់ដារិន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
២០. លោក ឡាត់ លិតេយ្យ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
២១. លោក ទួត ឃឿត ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១៕
ដោយៈ ពលជ័យ