អ្នកនាំពាក្យគណបក្សប្រជាជន: ការចង់ឱ្យមានការចរចារវាងគណបក្សប្រជាជន-អតីតបក្សប្រឆាំង គឺអត់មានទេ
ភ្នំពេញ: អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានឱ្យដឹងតាមតេឡេក្រាមថា ការចង់ឱ្យមានការចរចារវាងគណបក្សប្រជាជនកម្ពុជា និងអតីតបក្សប្រឆាំង គឺអត់មានទេ ព្រោះអតីតបក្សប្រឆាំងបានងាប់ជាខ្មោចហើយ។ គណបក្សប្រជាជនកម្ពុជា មានវប្បធ៌សន្ទនាជាមួយគ្រប់កម្លាំងនយោបាយស្របច្បាប់នៅក្នុងសង្គមកម្ពុជា។ គណបក្សប្រជាជនកម្ពុជាអត់ចរចាជាមួយក្រុមឧទ្ទាមក្រៅច្បាប់ទេ។ ក្រុមឧទ្ទាមក្រៅច្បាប់ គឺជាកម្លាំងខុសច្បាប់។

ឯកឧត្តមបានបន្តថា ក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស ប្រជាជនបោះឆ្នោតជ្រើសរើសយកគណបក្សនយោបាយ ដែលមានកម្មវិធីនយោបាយល្អ ដែលជឿទុកចិត្តថានឹងដឹកនាំប្រទេសមានសន្តិភាព និងរីកចម្រើន។ ដូច្នេះគណបក្សនីមួយៗ ត្រូវរៀបចំកម្មវិធីនយោបាយរបស់ខ្លួន ដើម្បីដាក់បង្ហាញប្រជាជនឱ្យពិនិត្យវិនិច្ឆ័យ។ នៅពេលពិចារណាលើកម្មវិធីនយោបាយ និងសកម្មភាពរបស់គណបក្សហើយ ប្រជាជនសម្រេចចិត្តបោះឆ្នោតគាំទ្រគណបក្សដែលខ្លួនពេញចិត្តឱ្យដឹកនាំប្រទេស។ នៅពេលដឹកនាំប្រទេស គណបក្សកាន់អំណាចយកកម្មវិធីនយោបាយខ្លួនមកអនុវត្ត ដើម្បីកសាង និងអភិវឌ្ឈន៍ប្រទេស។
ឯកឧត្តម សុខ ឥសាន បានបន្តទៀតថា ការគិតគូរពីប្រទេស និងប្រជាជន គឺការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឈ្នះឆ្នោត ដើម្បីឱ្យប្រទេសរីកចម្រើន ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់។ នៅប្រទេសណាដូចប្រទេសណាដែរ គណបក្សឈ្នះឆ្នោតយកកម្មវិធីនយោបាយរបស់ខ្លួនមកអនុវត្ត។ ជាឧទាហរណ៍ លោក ត្រាំ ឈ្នះឆ្នោត គឺយកកម្មវិធីនយោបាយបក្សសាធារណរដ្ឋមកអនុវត្ត និងលោក បៃដិន យកកម្មវីធីនយោបាយរបស់បក្សប្រជាធិបតេយ្យមកអនុវត្ត៕ ដោយៈពលជ័យ