ហេតុការណ៍បាញ់ប្រហារថ្មីមួយនៅសហរដ្ឋអាមេរិក បណ្តាលអោយមនុស្ស៨នាក់ និងខ្មាន់កាំភ្លើងម្នាក់បាត់បង់ជីវិត
អាមេរិក៖ អាជ្ញាធរអាមេរិកក្នុងតំបន់បានអោយដឹងថា ខ្មាន់កំាភ្លើងម្នាក់បានបាញ់សម្លាប់មិត្តរួមការងាររបស់ខ្លួនចំនួន៨នាក់ ហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយនៅថ្ងៃពុធម្សិលមិញ នៅឯកន្លែងជួសជុល និងចតរថភ្លើងមួយកន្លែងក្នុងទីក្រុងសាន់ ហូសេ រដ្ឋកាលីហ្វ័រញ៉ា ។
ការបាញ់ប្រហារខាងលើនេះ បានកើតមានឡើងនៅម៉ោង៦៖៣០នាទីព្រឹកថ្ងៃពុធម្សិលមិញ នៅអគារពីរកន្លែងដែលជាផ្នែកនៃភ្លើងរថភ្លើងរបស់អាជ្ញាធរដឹកជញ្ជូន Valley ដែលផ្តល់សេវាកម្មរថយន្តក្រុង រថភ្លើង និងសេវាកម្មដឹកជញ្ជូនផ្សេងៗទៀតឆ្លងកាត់តំបន់ Santa Clara ។ ភ្លាមៗមន្រ្តីប៉ូលិសអាមេរិកមិនទាន់អាចបញ្ជាក់ពីមូលហេតុ ឬចេតនានៅពីក្រោយការបាញ់ប្រហារខាងលើនេះទេ ។
ខ្មាន់កាំភ្លើងខាងលើត្រូវបានគេស្គាល់ឈ្មោះថា សាំម្ញូអែល ខាសស៊ីឌី (Samuel Cassidy) មានអាយុ៥៧ឆ្នាំ និងជាបុគ្គលិកថែទាំរថភ្លើងនៅឯស្ថានីយ Santa Clara Valley Transportation Authority (VTA)។ ជាមួយគ្នានេះ នៅសេតវិមាន លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានបញ្ជាអោយបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង និងជំរុញអោយសភាចាត់វិធានការលើច្បាប់គ្រប់គ្រងហិង្សាដោយអាវុធ ៕ ប្រភព៖ AP


