កម្ពុជាចាក់វ៉ាក់សាំងលើពលរដ្ឋ បានជាង២លាន៤សែននាក់ហើយ (Video Inside)
យុទ្ធនាការផ្ការីកចាក់វ៉ាក់សាំងទូទាំងប្រទេស បានចាក់លើមនុស្សចំនួន២លាន៤សែន១ម៉ឺន៨ពាន់២៨៥នាក់ ហើយដែលស្មើនឹងជាង២៤ភាគរយនៃចំនួនប្រជាជននៃគំរោងចាក់យ៉ាងហោច១០លាននាក់ដើម្បីរកភាពស៊ាំ នៅក្នុងប្រទេសកម្ពុជា។ សេចក្តីរាយការណ៍ពីក្រុមការការងារទទួលបន្ទុកការចាក់វ៉ាក់សាំង បានបញ្ជាក់ថា ក្នុង ចំណោមមនុស្សទាំងជាង២លាន៤សែននាក់នោះ អ្នកចាក់វ៉ាក់សាំងដូសទី២រួចរាល់មានចំនួន១លាន ៨សែន ១ពាន់៤៤៨នាក់។
ក្រុមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ TYDA គឺជាផ្នែកមួយក្រុមយុទ្ធជនអាវស ក្នុងការ ជួយសង្គ្រោះអាយុជិវិតប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងនោះមិនត្រឹមតែការព្យាបាលលើរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការយកចិត្តទុកដាក់លើផ្លូវចិត្តអ្នកជម្ងឺថែមទៀត។
យោងតាមក្រុមការងារទទួលបន្ទុកការចាក់វ៉ាក់សាំង នៅក្នុងរាជធានីភ្នំពេញ ការចាក់លើពលរដ្ឋក្នុង អតីតតំបន់ក្រហមគិតត្រឹមថ្ងៃនេះ បានកើនចំនួនដល់៨៣ម៉ឺន៣ពាន់៤៣១នាក់ហើយ ខណៈការចាក់លើកទី២ បានចំនួន៥១ម៉ឺន៨ពាន់១២២នាក់។ គិតត្រឹមថ្ងៃទី២៧ឧសភា ក្នុងចំណោមអ្នកចាក់ទាំងជាង៨៣ម៉ឺននាក់នោះ គឺរួមមានខណ្ឌមានជ័យ ចាក់បាន១៦ម៉ឺន៧ពាន់៣៩២នាក់, ខណ្ឌដង្កោ ចាក់បាន១៣ម៉ឺន៦ពាន់៨១នាក់, ខណ្ឌ កំបូល ចាក់បាន១០ម៉ឺន៥ពាន់៣២នាក់, ខណ្ឌពោធិ៍សែនជ័យ ចាក់បាន២៧ម៉ឺន១ពាន់៤៦៥នាក់, ខណ្ឌឫស្សីកែវ ចាក់បាន៩ម៉ឺន៦ពាន់២៣៨នាក់ និងខណ្ឌទួលគោក ចាក់បាន៥ម៉ឺន៧ពាន់២២៣នាក់។
ក្រៅពីការចាក់លើអតីតតំបន់ក្រហម រាជរដ្ឋាភិបាលបានពង្រីកការចាក់ចេញមកតំបន់លឿងនិងលឿងទុំផងដែរ ។ បច្ចុប្បន្នខណ្ឌបឹងកេងកង, ខណ្ឌសែនសុខ, ខណ្ឌចំការមន, ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា បានស្ថិតក្នុង យុទ្ធនាការកំពុងចាក់វ៉ាក់សាំងនា ពេលនេះផងដែរ។ សេចក្តីរាយការណ៍បានបង្ហាញថានៅក្នុងរាជធានី គិតត្រឹម ថ្ងៃទី២៧ឧសភាការចាក់ វ៉ាក់សាំង លើពលរដ្ឋក្នុងក្រុងភ្នំពេញ បានចំនួន១លាន៩សែន១ម៉ឺន៤ពាន់៦៤១នាក់ ហើយ។