សម្តេចតេជោ ហ៊ុន សែន៖យុទ្ធសាស្ត្រសម្រាប់ដំណើរការចាក់វ៉ាក់សាំង គឺយុទ្ធសាស្ត្រផ្ការីកដែលចាក់ពីក្នុងចេញក្រៅ
ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន សូមឱ្យបណ្តាស្ថាប័នជាតិ និងក្រុមហ៊ុនឯកជន បញ្ឈប់ការស្នើសុំចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យកន្លែងរបស់ខ្លួន សូមផ្អាកការស្នើសុំវ៉ាក់សាំងទៅចាក់តាមបណ្តាខេត្ដ។ ការចាក់វ៉ាក់សាំងត្រូវអនុវត្តតាមផែនការមេ។ នេះបើយោងតាមសារពិសេសជាសំឡេងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជានៅ ថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅមានការស្នើមកសម្តេចជាបន្តបន្ទាប់នូវការស្នើសុំចាក់វ៉ាក់សាំងនៅតាមខេត្ត ឬក៏ទៅតាមក្រសួង និងការស្នើសុំចាក់នៅតាមវិស័យនៅខេត្តនេះ ខេត្តនោះ ហើយក៏មានក្រុមហ៊ុនខ្លះ ក៏បានស្នើសុំឲ្យចាក់តាមក្រុមហ៊ុនរបស់ខ្លួន។ សម្តេចតេជោ បានបញ្ជាក់ថា យើងបានដាក់ចេញនៅផែនការមេដែលជាយុទ្ធសាស្ត្រសម្រាប់ដំណើរការចាក់វ៉ាក់សាំងក្នុងនោះ គឺយុទ្ធសាស្ត្រផ្ការីកដែលចាក់ពីក្នុងចេញក្រៅ។ យើងមិនអាចប្រើវ៉ាក់សាំងទៅកន្លែងនេះបន្តិចកន្លែងនោះបន្តិចបានទេ។ បើធ្វើយ៉ាងដូច្នេះយើងនឹងមិនទទួលបានផលនៅក្នុងចាក់វ៉ាក់សាំងនេះទេ។ ឯកឧត្តម ថោង ខុន លើកសំណូមពរអំពីការចាក់វ៉ាក់សាំងសម្រាប់អ្នកធ្វើវិស័យទេសចរណ៍នៅតំបន់នេះប៉ុន្មានពាន់នាក់ នៅតំបន់នោះប៉ុន្មានពាន់នាក់ ធ្វើយ៉ាងដូច្នេះវាមិនគ្រប់គ្រាន់ទេ ដោយសារតែមនុស្សរាប់សិបម៉ឺននាក់ យើងចាក់បានតែត្រឹម ៤ ទៅ៥ពាន់នាក់ គ្មានផលប្រយោជន៍ទេ។ ដូច្នេះបានជាយើងរៀបចំយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងដើម្បីឱ្យវាមានភាពសុំា បើយើងចាក់ស្រោចនៅគ្រប់ទីកន្លែងដែលផ្តល់អាទិភាព។ ដូចជាឥឡូវនេះ វ៉ាក់សាំងត្រូវតែចាក់នៅលើទីក្រុងភ្នំពេញមុន ដែលបាននឹងកំពុងធ្វើយុទ្ធនាការចាក់ដែលរហូតមកដល់ពេលនេះប្រមាណជាជាងមួយលាននាក់ហើយ ហើយការចាក់ នៅខេត្តនៅរាជធានីភ្នំពេញ គឺជាអាទិភាពខ្ពស់បំផុតសម្រាប់យើង។ បន្ទាប់ទៅគឺនៅទីប្រជុំជននៅខេត្តកណ្តាលហើយបន្ទាប់ ទៅបានចេញទៅគោលដៅសំខាន់ៗនានានៅតាមទីប្រជុំជន ទីរួមខេត្ត និងតំបន់រោងចក្រដែលមានកម្មករហើយកម្មករនេះទៀតសោត យើងមិនអាចយកទៅចាក់កម្មករ ៤ – ៥ម៉ឺននាក់ ហើយដែលនៅក្នុងខេត្តមួយដែលមានប្រជាជនជាង មួយលាននាក់នោះទេ។
សម្តេចតេជោបញ្ជាក់ថា នៅពេលដែលយើងចុះទៅចាក់ស្រោចយកទាំងស្រុងតែម្តង។ បើមិនបានទូទាំងទៅតាមជនបទទេ ក៏យើងប្រមូលផ្តុំចាក់នៅតាមទីក្រុង ទីប្រជុំជន និងកន្លែងដែលមានកម្មកររស់នៅកកកុញនិយាយរួមគឺចាក់នៅកន្លែងដែលមានមនុស្សកកកុញជាមុន។ ធ្វើយ៉ាងដូច្នេះ ទើបមានភាពស៊ាំក្នុងសហគមន៍ដែលមានអ្នកចាក់វ៉ាក់សាំងបានច្រើន៕
ដោយៈពលជ័យ