សម្តេចតេជោ៖“ឥឡូវនេះ មនុស្សនៅរាជធានីភ្នំពេញពី៥០ទៅ៦០ភាគរយ ឬអាចលើសពីនេះ បានទទួលការចាក់វ៉ាក់សាំងរួចទៅហើយ…”
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា “ឥឡូវនេះមនុស្សនៅរាជធានីភ្នំពេញពី ៥០ ទៅ៦០ភាគរយ ឬអាចលើសពីនេះ បានទទួលការចាក់វ៉ាក់សាំងរួចទៅហើយ។ ដូច្នេះភាពសុំាំនៅទីក្រុងភ្នំពេញវានឹងកាត់បន្ថយនូវការឆ្លង ហើយប្រសិនបើការឆ្លងវាកាត់បន្ថយបាននោះ វាកាត់បន្ថយការស្លាប់”។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងសារជាសំឡេងពិសេសនាព្រឹកថ្ងៃទី២៩ខែឧសភានេះ។ សម្តេចតេជោថ្លែងថា តាមការប៉ាន់ស្មានចំនួនតួលេខដែលយើងមានសម្រាប់មនុស្សដែលមានអាយុលើសពី១៨ឆ្នាំគឺមានជាង១០លាន នាក់បន្តិច។ បើប៉ាន់ស្មានសម្រាប់អ្នកដែលមិនអាចចាក់វ៉ាក់សាំងបាន ដែលគ្រូពេទ្យហាមឃាត់មិនឱ្យចាក់គឺចំនួនមនុស្សដែលត្រូវចាក់ប្រមាណជា១០លាននាក់។ មកដល់ពេលនេះចាក់បានជាង២លាន៤សែន៦ម៉ឺននាក់។ ថ្ងៃនេះសង្ឃឹមថានឹងឡើងទៅដល់ ២លាន៥សែននាក់ ដែលទទួលបានវ៉ាក់សាំង។ បើយោងទៅលើចំនួនតួលេខនៃចំនួនមនុស្ស១០លាននាក់ តម្រូវការដំបូងសម្រាប់អ្នកនៅរាជធានីភ្នំពេញ បណ្តាទីប្រជុំជននៅខេត្តកណ្តាល និងបណ្តាទីរួមខេត្ត ទីប្រជុំជន និងតំបន់កម្មករ អាចចាត់ទុកក្នុងចន្លោះ ៥ទៅ៦លាននាក់ ជាចំណុចអាទិភាពនៃការផ្តល់ទៅតាមដំណាក់កាលៗ តាមចំនួនវ៉ាក់សាំងដែលមាន។

សម្តេចបន្តថា ដូច្នេះចាប់ពីពេលនេះតទៅសុំស្នើឲ្យរដ្ឋមន្ត្រីតាមស្ថាប័នានា និងអភិបាលរាជធានី ខេត្តបញ្ឈប់នៅការស្នើសុំមកសម្តេចទៅលើការចាក់វ៉ាក់សាំងនៅកន្លែងនេះបន្តិចកន្លែងនោះបន្តិច។ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំង ហើយសម្តេចនឹងពិភាក្សារឿងនេះជាមួយលោកជំទាវ ឱ វណ្ណឌីន។ បន្ទាប់ពីរាជធានីភ្នំពេញហើយ ខេត្តកណ្តាល តើយើងតម្រង់ឆ្ពោះទៅកន្លែងណា ឱ្យអាទិភាពទៅកន្លែងណា ទៅតាមសង្វាក់នៃដំណើររបស់យើង។ មិនអាចចាក់កន្លែងនេះបន្តិចកន្លែងនោះបន្តិច តែទីបំផុតមិនអាចឲ្យវ៉ាក់សាំងរបស់យើងមានប្រសិទ្ធភាព ព្រោះថាចំនួនមនុស្សចាក់វ៉ាក់សាំងមានចំនួនតិចជាងអ្នកដែលមានមិនទាន់ចាក់វ៉ាក់សាំង។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ឥឡូវនេះមនុស្សនៅរាជធានីភ្នំពេញ ៥០ ទៅ ៦០ភាគរយ ឬអាចលើសពីនេះបានទទួល ការចាក់វ៉ាក់សាំងរួចទៅហើយ។ ដូច្នេះភាពស៊ាំនៅទីក្រុងភ្នំពេញ វានឹងកាត់បន្ថយនៅការឆ្លងហើយប្រសិនបើឆ្លងវាកាត់ បន្ថយបាននៅការស្លាប់ យើងធ្វើបែបនេះ គឺជាជម្រើសតែមួយគត់ក្នុងពេលយើងអត់មានវ៉ាក់សាំងបើយើងអត់មានវ៉ាក់សាំងហើយ យើងបែរជាចែកន្លែងនេះបន្តិច កន្លែងនោះបន្តិចភាពស៊ាំមិនអាចកើតមាននៅក្នុងសហគមន៍របស់យើងបានទេ។ ដូច្នេះខ្ញុំសុំណែនាំសារជាថ្មីម្តងទៀតសម្រាប់សម្តេច ឯកឧត្តម លោកជំទាវ ដែលជាប្រធានស្ថាប័ន ក៏ដូចជាខេត្ត តាមស្ថាប័ន តាមក្រុមហ៊ុនក៏ដូចគ្នាដែរ មិនចាំបាច់ស្នើសុំចាក់ឲ្យរោងចក្រខ្លួននៅកន្លែងនេះ ក្រុមហ៊ុនខ្លួននៅកន្លែងនោះទេ។ ដោយសារយើងទៅចាក់នៅកន្លែងណា កម្មករ កម្មការិនី ត្រូវចាក់នៅក្នុងសង្កាត់ ខណ្ឌ ឬនៅក្នុងភូមិរបស់ខ្លួននៅក្នុងតំបន់ ដែលចុះចាក់វ៉ាក់សាំង លើកលែងតែមានករណីចាំបាច់ដែលយើងកំណត់ចាក់នៅក្នុងរោងចក្រតែម្តងទៅតាមការកំណត់របស់គណៈកម្មការ និងអនុគណៈកម្មការចំពោះកិច្ច ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដូច្នេះយើងមិនចាំបាច់សុំដាច់ដោយឡែកសម្រាប់ចាក់ឲ្យសមាជិក កម្មករ បុគ្គលិក នៅក្នុងក្រុមហ៊ុនរបស់ខ្លួនទេ។ ណែនាំឲ្យកម្មករ បុគ្គលិក ក្នុងក្រុមហ៊ុននោះ គឺចុះឈ្មោះចាក់វ៉ាក់សាំងនៅទីតាំងដែលនៅកៀកបំផុតយើងនឹងចាក់នៅពេលដែលយើងចុះចាក់ហើយ។ យើងមិនទុកឲ្យអ្នកណាម្នាក់អត់វ៉ាក់សាំងនោះទេ នៅតាមតំបន់ដែលយើងនឹងទៅដល់ ដែលជាផ្នែកមួយដ៏សំខាន់នៃការធ្វើសកម្មភាពចាក់វ៉ាក់សាំងនៅក្នុងផែនការវ៉ាក់សាំង ហើយនឹងធ្វើឲ្យវ៉ាក់សាំងមានប្រសិទ្ធភាព”។
សម្តេចតេជោបានមានប្រសាសន៍ទៀតថា ចាក់វ៉ាក់សាំងនេះ គឺដើម្បីការពារការឆ្លង ការស្លាប់សម្រាប់ប្រជាជន។ ដូច្នេះ ចាក់វ៉ាក់សាំង ដើម្បីប្រសិទ្ធភាពនៃការការពារ ត្រូវមើលឱ្យបានគ្រប់ជ្រុងជ្រោយ កុំមើលតែមួយផ្នែកមួយៗ។ យើងមើលស្ថានភាពទូទៅរបស់ប្រជាជន។ នៅក្នុងផ្ទះមួយមានមនុស្ស ៥នាក់ ចាក់វ៉ាក់សាំងមានតែ២នាក់ ក៏គ្មានប្រយោជន៍ដែរ។ បើចាក់វ៉ាក់សាំងផ្ទះនឹងហើយ បើមានមនុស្ស ៥នាក់ ត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់៥នាក់។ លើកលែងតែគ្រូពេទ្យពិនិត្យ ឃើញថា អ្នកមិនអាចចាក់វ៉ាក់សាំងបានទើបអនុញ្ញាត។ សម្តេចបន្តថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់តាមគម្រោងនឹងមក ៤លាន៥សែនដូស សម្រាប់ខែមិថុនា និងមកជាបន្តបន្ទាប់ យើងនឹងអាចចាក់យ៉ាងហោចណាស់គឺក្នុង ៥ ទៅ ៦លាននាក់ ក្នុងចំណោម ១០លាននាក់នៅ ដំណាច់ឆ្នាំនេះ។ ហើយនឹងខិតខំដើម្បីធ្វើឱ្យសម្រេចនៅការចាក់វ៉ាក់សាំង១០លាននាក់ នៅក្នុងឆ្នាំនេះឬយឺតបំផុត នៅដើមឆ្នាំក្រោយ ដើម្បីឲ្យប្រជាជនទទួលបាននៅវ៉ាក់សាំងគ្រប់ៗគ្នា។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ឧសភា ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងចំនួន ៦.១២៤.០០០ ដូសរួចហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជំនួយនិងទិញពីប្រទេសចិន ។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះរួមមាន៖វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៧ លានដូស,វ៉ាក់ សាំងស៊ីណូវ៉ាក់(Sinovac) ទិញពីប្រទេសចិនចំនួន ៤ លានដូសនិងវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជំនួយរបស់ខូវ៉ាក់ (Covax Facility)តាមអង្គ ការសុខភាពពិភពលោក (WHO) ចំនួន៣២៤.០០០ដូស ។
រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ«ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩សំដៅបង្កើតឲ្យបាននូវភាពស៊ាំក្នុងសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១»។ នៅក្នុងឆ្នាំ២០២១ នេះរាជរដ្ឋាភិបាលគ្រោង ចាក់វ៉ាក់សាំងជាជំហានដែលគ្រប់ដណ្តាប់លើរាជធានីខេត្តចំនួន ២៥ស្មើនឹង៧០ក្រុង/ស្រុក ដែលមានចំនួនសរុបមនុស្សប្រមាណ ៤.៩៤០.០០០ នាក់និងត្រូវការវ៉ាក់សាំងប្រមាណ ៩,៩ លានដូស។
នៅក្នុងផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូរឹង១៩នេះ រាជរដ្ឋាភិបាលបានកំណត់នូវជំហាននៃការចាក់វ៉ាក់សាំងសម្រាប់តំបន់អាទិភាពខ្ពស់ដែលជាយុទ្ធសាស្ត្រផ្ការីកគឺចាប់ផ្តើមចេញពីរាជធានីភ្នំពេញ។ យោងតាមផែនការលទ្ធកម្មវ៉ាក់សាំងប្រទេសកម្ពុជារំពឹងថា នឹងទទួលបានវ៉ាក់សាំងបន្ថែម៧លានដូសពីខែឧសភាដល់ ខែកក្កដា និង២,៥ លានដូសទៀតពីខែសីហាដល់ខែកញ្ញា៕
ដោយៈពលជ័យ