រយៈពេល១៥ឆ្នាំ កម្ពុជាបញ្ជូនកម្លាំងមួកខៀវចំនួន៧.៥២៣នាក់ ទៅកាន់ក្នុងប្រទេសចំនួន៩
ភ្នំពេញៈ នៅថ្ងៃទី២៩ ខែឧសភានេះ គឺជាទិវាអន្តរជាតិ អ្នកថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ(អ.ស.ប) ក្រោមប្រធានបទ “មាគ៌ាឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងថាមពលយុវជន ដើម្បីសន្តិភាព និងសន្តិសុខ”។ ទិវារក្សាសន្តិភាព អ.ស.ប ដើម្បីរំលឹកដល់ការចូលរួមពីគ្រប់កងកម្លាំងយោធា នគរបាល និងបុគ្គលិកស៊ីវិលទាំងបុរស និងនារីក្នុងប្រតិបត្តិការ សន្តិភាព ហើយក៏ជាថ្ងៃប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន យុទ្ធនារី ដែលបានពលីដើម្បីបុព្វហេតុសន្តិភាព ក្នុងបេសកកម្មចំនួន៧២ គិតចាប់ពីឆ្នាំ១៩៤៨។

ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី 
ក្នុងឱកាសនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានថ្លែងថា ទិវាអន្តរជាតិនៃអ្នកថែរក្សាសន្តិភាពរបស់អ.ស.ប ថ្ងៃទី២៩ ខែឧសភា គឺដើម្បីឧទ្ទិសកុសលដល់ការចូលរួមចំណែកដ៏មានតម្លៃរបស់បុគ្គលិកក្នុងឯកសណ្ឋានយោធា និងស៊ីវិល ក្នុងការបំពេញបេសកកម្ម អ.ស.ប និងគោរពដល់កម្លាំងថែរក្សាសន្តិភាពប្រមាណជាង៤០០០នាក់ ដែលបានបាត់បង់ជីវិតក្រោមទង់ អ.ស.ប តាំងពីឆ្នាំ១៩៤៨។ រយៈពេល១ឆ្នាំកន្លងមកនេះ អ្នកថែរក្សាសន្តិភាពរហូតចំនួន១៣០នាក់ បានពលីជីវិតដើម្បីបុព្វហេតុសន្តិភាពនៅពាសពេញពិភពលោក។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា រយៈពេល១៥ឆ្នាំនេះ កម្ពុជាដែលជាសមាជិកដ៏សកម្មមួយរបស់ អ.ស.ប បានបញ្ជូនកម្លាំងចូលរួមបេសកកម្មសរុបចំនួន៧៥២៣នាក់ ក្នុងនោះមាននារីចំនួន៤៦៦នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី សាយប្រឺស ម៉ាលី អាហ៊្វ្រិកកណ្ដាល និងយ៉េមែន។ គិតចាប់ពីឆ្នាំ២០០៦ មកទល់នឹងបច្ចុប្បន្ន វីរយុទ្ធជនកម្ពុជាចំនួន ១០រូប បានពលីជីវិតលើសមរភូមិនៃតំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី និង អាហ៊្វ្រិកកណ្ដាល។ កម្ពុជា សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះគ្រប់កងកម្លាំងរក្សាសន្តិភាព និងអតីតកងរក្សាសន្តិភាពពិសេសកងទ័ពមួកខៀវកម្ពុជា ដែលស្ម័គ្រចិត្តចូលរួមចំណែកក្នុងបេសកកម្ម ដែលបច្ចុប្បន្នប្រឈមនឹងភាពស្មុគស្មាញ ព្រមទាំងមានហានិភ័យខ្ពស់។
ឯកឧត្តមបន្តទៀថា ជារៀងរាល់ឆ្នាំ នាថ្ងៃទី២៩ ខែឧសភា យើងតែងតែប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធដើម្បីរំលឹកគុណូបការៈដល់វីរយុទ្ធជន យុទ្ធនារី នៃកងរក្សាសន្តិភាព ដែលបានធ្វើពលីកម្ម លះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុសន្តិភាពនៃបេសកកម្មរបស់អ.ស.ប ដែលមានតម្លៃដ៏ឧត្តុង្គឧត្តមមិនអាចកាត់ថ្លៃបាន ហើយបានចារឹកទុកជាប្រវត្តិសាស្ត្រនៃមនុស្សជាតិ ទាំងនៅទីបញ្ហាការធំរបស់ អ.ស.ប និងបណ្តាប្រទេសដែលជាសមាជិករបស់ អ.ស.ប។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តទៀថា ត្រូវចងចាំថា វីរយុទ្ធជនយើងបានពលីជីវិតទៅហើយក្ដី តែបានបន្សល់ទុកនូវគំរូវីរភាព ស្នាដៃដ៏ធំធេង ដែលដក់ជាប់ ក្នុងក្រអៅបេះដូងរបស់យើង ក្នុងស្មារតីបង្រួមបង្រួមជាតិ និងជួយទ្រទ្រង់ដល់ប្រទេសលើពិភពលោក ឱ្យមានសុខសន្តិភាព ប្រកបដោយវីរភាពដ៏ឧត្តុង្គឧត្តម ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។ សូមវីរយុទ្ធជន យុទ្ធនារីទាំងអស់ ខិតខំប្រឹងប្រែងបង្កើនស្មារតីប្រុងប្រយ័ត្ន យកអស់កម្លាំងកាយចិត្ត ពង្រឹងការហ្វឹកហាត់ជំនាញវិជ្ជាជីវៈ “ស៊ូបង្ហូរញើសលើទីលាន ប្រសើរជាងបង្ហូរឈាមលើសមរភូមិ ពិសេសដើម្បីប្រយុទ្ធប្រឆាំងទប់ទល់មេរោគរាតត្បាតកូវីដ-១៩ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា “៣កុំ ៣ការពារ” តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាននានារបស់បេសកកម្ម អ.សប៕
ដោយៈ ពលជ័យ



