កម្ពុជាកំណត់កីឡា៤០ប្រភេទសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣
សម្ដេចពិជ័យសេនាទៀ បាញ់ បានឯកភាពកំណត់ប្រភេទកីឡាចំនួន៤០ប្រភេទ និងទីតាំង៥ធំៗ សម្រាប់ការ រៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទីតាំងធំទាំង៥ដែលសម្តេចពិជ័យ សេនាទៀបាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ បានរៀបចំ នោះរួមមាននៅរាជធានីភ្នំពេញ, ខេត្ដព្រះសីហនុ, ខេត្តសៀមរាប, ខេត្តកំពត និងខេត្តកែប។ ចំណែក ប្រភេទ កីឡាទាំង៤០ ដែលត្រូវបានសម្រេចនោះ ក៏មានការបែងចែកជា៣ចំណាត់ថ្នាក់ផងដែរ គឺ ទី១-ប្រភេទកីឡា កាតព្វកិច្ច គឺរួមមានកីឡាអត្តពលកម្ម និងកីឡាហែល ទឹក។ ទី២-ប្រភេទកីឡាអូឡាំពិកនិងកីឡាអាស៊ីរួមមាន កីឡាកាយសម្ព័ន្ធ, បាញ់កាំភ្លើង, តេក្វាន់ដូ WTF, ទោចក្រយាន, គុនដាវ, យូដូ, វូស៊ូ, ចំបាប់, ប្រដាល់សកល, ការ៉ាតេ, កីឡារាំ, ទ្រីយ៉ាត្លុង, ជូជិតស៊ូ, លើកទម្ងន់, កីឡាទូក ដូចជា ទូកកានូ, កាយ៉ាក់ និងរ៉ូអ៊ីង, កីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, សីដក់- ឈិនឡូន, វាយកូនឃ្លីលើតុ, វាយសី, វាយកូនបាល់, វាយកូនហ្គោល, កីឡាហុកគី, ជិះសេះ, ទូកក្ដោង និងកីឡាSoft Tennis នោះជាដើម។ រីឯកីឡាចំណាត់ទី៣ គឺប្រភេទកីឡាក្នុងតំបន់ និងកីឡា ប្រពៃណី រួមមានកីឡាវ៉ូវីណាម, ប្រដាល់គុនខ្មែរ, Kick Boxing, ម៉ូតូទឹក, Fin swimming, ប៉េតង់, កាយវប្បកម្ម, កីឡាអុក, អេឡិចត្រូនិច, គុនល្បុក្កតោ និងកីឡាតេក្វាន់ដូ ITF។ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកការប្រកួតផ្លូវការ នៅថ្ងៃទី៥ឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៧ឧសភា ឆ្នាំ២០២៣ មុនបន្ដរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី១០មិថុនា ឆ្នាំ២០២៣៕