កម្ពុជានៅតែអាចទាញយករ៉ែមាសជាលើកដំបូងក្នុងឆ្នាំ២០២១នេះ បើទោះបីជាជួបបញ្ហារាលដាលនៃជំងឺកូវីដ១៩ (មានវីដេអូ)
ភ្នំពេញ៖ ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែបានមានប្រសាសន៍អោយដឹងថា បញ្ហាជំងឺកូវីដ១៩មិនអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតកម្មរ៉ែមាសរបស់ក្រុមហ៊ុនវិនិយោគ Renaissance Minerals (Cambodia) Ltd លើការរុករករ៉ែមាស ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជានោះឡើយ ។ ក្រុមហ៊ុននេះធ្លាប់បានបញ្ជាក់ហើយថា ខ្លួននឹងចាប់ផ្តើមដំណើរការផលិតកម្មរ៉ែមាសជាលើកដំបូងនៅឆ្នាំ២០២១នេះ ដែលអាចទទួលបានក្នុងបរិមាណ១០ម៉ឺនអោនក្នុង១ឆ្នាំ (ប្រហែល៣តោន) ។ ឯកឧត្តមបន្តថា មកទល់ពេលនេះ គឺដំណើរការសាងសង់នឹងឈានទៅដល់ផលិតកម្មក្នុងពេលខាងមុខនេះ មិនទាន់មានសញ្ញាបង្ហាញថា នឹងមានការយឺតយ៉ាវនោះទេ ដូច្នេះអ្វីៗវាដំណើរការទៅតាមផែនការដែលបានគ្រោងទុក ។ ឯកឧត្តមបន្ថែមថា បញ្ហាកូវីដ១៩បានជះឥទ្ធិពលដល់ដំណើរការរបស់ក្រុមហ៊ុនក្នុងកម្រិតតិចតួចបំផុត ហើយការប៉ះពាល់នេះដោយសារតែអ្នកជំនាញការបរទេស ដែលចូលមកក្នុងប្រទេសកម្ពុជា តម្រូវឲ្យចត្ដាឡីស័ក្ដ ដែលធ្វើឲ្យគម្រោងមានការយឺតបន្ដិច ។ ឯកឧត្តមបញ្ជាក់ថា ប្រសិនជាតាមផែនការ គឺមិនមានការយឺតយ៉ាវទេ អាចនឹងដំណើរការផលិតកម្មរ៉ែមាសនៅក្នុងឆ្នាំ២០២១នេះហើយ អាចនៅដើម ឬកណ្ដាលត្រីមាសទី៣ ឆ្នាំ២០២១ យើងនឹងទទួលបានផលិតកម្មហើយ ។ ឯកឧត្តមអគ្គនាយកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd បានជ្រើសរើសប្រទេសអូស្រ្ដាលី និងសិង្ហបុរីជាទីតាំងដើម្បីយករ៉ែមាស ដែលទាញយកបាននោះទៅចម្រាញ់ ។ ការអាចទាញយកបាននូវរ៉ែមាសនេះ វានឹងជួយជំរុញដំណើរការសេដ្ឋកិច្ចរបស់កម្ពុជា ដែលនឹងធ្វើឲ្យចំណូលរដ្ឋមានកើនឡើងសម្រាប់អភិវឌ្ឍន៍ប្រទេស ។ សូមបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល ។ ទីតាំងដែលក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាសជាលើកដំបូងនៅប្រទេសកម្ពុជា ហើយបើតាមផែនការនោះ ក្រុមហ៊ុនអាចផលិតមាសបានប្រហែល១០០ពាន់អោនក្នុងមួយឆ្នាំ ៕ ប្រភព៖ FN




