ក្រុមហ៊ុន WhatsApp ប្ដឹងរដ្ឋាភិបាលឥណ្ឌា ពាក់ព័ន្ធនឹងច្បាប់អ៊ីនធើណិតថ្មី (មានវីដេអូ)
បរទេស៖ ក្រុមហ៊ុន WhatsApp នាពេលថ្មីៗនេះ បានប្ដឹងរដ្ឋាភិបាលឥណ្ឌា ពាក់ព័ន្ធនឹងច្បាប់អ៊ីនធើណិតថ្មី ដែលត្រូវបានអនុម័តកាលពីដើមឆ្នាំ២០២១ ដោយទាមទារអោយក្រុមហ៊ុនផ្ដល់សេវាកម្មផ្ញើសារតាមរយៈប្រព័ន្ធបណ្ដាញសង្គមមួយនេះ ត្រូវតែផ្ដល់ប្រភពអ្នកផ្ញើទៅអោយរដ្ឋាភិបាលនៅពេលដែលមានការស្នើសុំ ។
ក្រៅពីការទាមទារឱ្យផ្ដល់ប្រភពអ្នកផ្ញើសារនោះ ច្បាប់នេះក៏ទាមទារឱ្យ WhatsApp ត្រូវតែអាចលុបចោលព័ត៌មានក្នុងរយៈពេល៣៦ម៉ោង បន្ទាប់ពីតុលាការចេញដីការៀបចំប្រព័ន្ធដើម្បីឆ្លើយតបនឹងបញ្ហាផ្សេងៗ និងមានប្រព័ន្ធដែលអាចលុបចោលរូបភាព និងវីដេអូអាស អាភាសបានដោយស្វ័យប្រវត្តិ ។
ជាការឆ្លើយតបនោះ ទាំងក្រុមហ៊ុន WhatsApp និងអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យាមួយចំនួនទៀតគិតថា ការទាមទាររបស់រដ្ឋាភិបាលឥណ្ឌានឹងធ្វើឱ្យប្រព័ន្ធ អេនធូអេន អេនគ្រីបសិន (end-to-end encryption) អស់ប្រសិទ្ធភាព ហើយនឹងនាំឱ្យមានការជ្រៀតចូលកាន់តែច្រើន ។ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាអះអាងថា ក្រុមហ៊ុនអាចរកវិធីដើម្បីផ្ដល់ប្រភពអ្នកផ្ញើសារបាន ដោយមិនចាំបាច់ធ្វើការផ្លាស់ប្ដូរនៅក្នុងប្រព័ន្ធ អេនធូអេន អេនគ្រីបសិន (end-to-end encryption) ឡើយ ៕ ប្រភព៖ Reuters
