សម្ដេចតេជោ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល លើកទី២ នៃភាពជាដៃគូសម្រាប់ការ អភិវឌ្ឍបៃតង និងគោលដៅសកល ឆ្នាំ២០៣០ នៅម៉ោងប្រមាណ ៨យប់នេះ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអរជាតិ បាន ឱ្យដឹងថា តបតាមការអញ្ជើញរបស់ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំ កំពូល លើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ដែលនឹងប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ នៅម៉ោងប្រមាណ ៨យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។
កិច្ចប្រជុំកំពូល លើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០នេះ នឹងធ្វើឡើងក្រោមមូលបទ “ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន ដើម្បីសម្រេច បាននូវអព្យាក្រឹតភាពកាបូន” ដែលក្នុង នោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថា លើប្រធានបទ «ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩ នៅក្នុងសម័យប្រជុំ កិច្ចសន្ទនារបស់ថ្នាក់ដឹកនាំ ដោយផ្តោតទៅលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន ១)ភាពចាំបាច់ក្នុង ការកែសម្រួលគោលនយោបាយ និងធនធាន ដើម្បីអាចជម្នះដោយជោគជ័យលើជំងឺ រាតត្បាតកូវីដ-១៩, ២) ផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុទៅលើសន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និង៣) សារៈសំខាន់ នៃការស្ដារបៃតងឡើងវិញ សម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព ។ សម្តេចតេជោ ក៏នឹង ចែករំលែកអនុសាសន៍ប្រកបដោយអត្ថន័យទូលំទូលាយ និងប្រាកដ ដល់កិច្ចប្រជុំ កំពូលផងដែរ សម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវ័រ-១៩ ។
គួរកត់សម្គាល់ថា P4G គំនិតផ្តួចផ្ដើមសកល ដែលត្រូវបានដាក់ដំណើរនៅឆ្នាំ២០១៧។ គំនិត ផ្តួចផ្តើមនេះ ជាវេទិការពហុភាគីសម្រាប់រដ្ឋាភិបាល វិស័យធុរកិច្ច និងអង្គការសង្គមស៊ីវិល ធ្វើការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ និងសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍។កិច្ចប្រជុំកំពូល P4G លើកទី២ នៅទីក្រុង សេអ៊ូល និងផ្ដល់ឱកាសដល់សហគមន៍អន្តរជាតិ អាចបង្ហាញការ ប្តេជ្ញាចិត្តរួមគ្នា ក្នុងការកសាងពិភព លោកដែលល្អប្រសើរ និងកាន់តែបៃតងឡើង ក្រោយវិបត្តិកូរីង-១៩ ៕




