រាជធានីភ្នំពេញ គ្រោងបញ្ចប់ការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងខែមិថុនា (Video Inside)
រាជធានីភ្នំពេញគ្រោងនឹងបញ្ចប់ការចាក់វ៉ាក់សាំងទាំងស្រុងលើពលរដ្ឋរបស់ខ្លួនក្នុងខែមិថុនាខាងមុខនេះហើយ មុននឹងបន្តទៅកាន់តំបន់ក្រៅរាជធានីផ្សេងទៀតដែលជាតំបន់ប្រឈមហានិភ័យខ្ពស់។ ប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសលោកស្រីឳវណ្ណឌីន បានប្រាប់ទូរទស្សន៍អប្សរា ថ្ងៃ ទី៣១ឧឧសភាថា នៅក្នុងរាជធានីភ្នំពេញនេះនៅសល់តែខណ្ឌចំនួន៣ទៀតតែប៉ុណ្ណោះ ដែលនឹងត្រូវគ្រោងចាក់ រួចរាល់ក្នុងខែមិថុនាខាងមុខនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសន្យានឹងស្វះស្វែងរក វ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង១០លាននាក់ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសង្គម។ កម្ពុជាគិតត្រឹមចុង ខែឧសភានេះ វ៉ាក់សាំងដែលបានទទួលនិងកំពុងប្រើប្រាស់នៅក្នុងដៃចាក់លើប្រជាពលរដ្ឋមានចំនួន ៦លាន ២ម៉ឺន៤ពាន់ដូស។ យោងតាមប្រសាសន៍បញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី គឺនៅក្នុងខែមិថុនាខាងមុខនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងបន្ថែមចំនួន៤លាន៥សែនដូសបន្ថែមមកទៀត ដែលនឹងនាំឲ្យកម្ពុជាទទួលបានវ៉ាក់ សាំងសារុបជាង១០លាន៥សែន២ម៉ឺន៤ពាន់ដូស ក្នុងនោះវ៉ាក់សាំងភាគច្រើនដែលកម្ពុជាទទួលបានគឺវ៉ាក់សាំង ស៊ីណូហ្វាម និងវ៉ាក់សាំង AstraZeneca ។
ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដែលទទួលបានការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ គិតត្រឹមពេលនេះ មានចំនួន ២លាន៩ម៉ឺន៥ពាន់ ៥៩៩ នាក់។ ខណ្ឌដែលកំពុងធ្វើយុទ្ធនាការចាក់វ៉ាក់សាំងនាពេលនេះក្រៅពីអតីត តំបន់ ក្រហម រួមមាន ខណ្ឌបឹងកេងកង, ខណ្ឌសែនសុខ, ខណ្ឌចំការមន, ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករា។
យោងតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃជំហានទី១នៃយុទ្ធសាស្ត្រផ្ការីក ដែលគ្រោងនឹងបញ្ចប់នាពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១។ ជំហានទី២ នៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺនឹងបន្តពីពាក់កណ្តាលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ ដោយផ្តោតលើពលរដ្ឋក្នុងខេត្តចំនួន១១ គ្របដណ្តប់ ៣៣ក្រុង/ស្រុក រួមមានខេត្តតាកែវ, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ចាម, ព្រៃវែង, ក្រុងព្រះសីហនុ, ស្វាយរៀង, សៀមរាប, បន្ទាយមានជ័យ, កែប និង កំពត ដែល មានចំនួន សរុបជាង២លាននាក់ និង ត្រូវការវ៉ាក់សាំងចំនួន ជាង៤លានដូស។
ចំណែកជំហានទី ៣ គឺចាប់ពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ដោយផ្តោតលើពលរដ្ឋនៅ ក្នុងខេត្តចំនួន១២ គ្របដណ្តប់១២ក្រុង/ស្រុក រួមមាន កោះកុង, ឧត្តរមានជ័យ, ប៉ៃលិន, ពោធិ៍ សាត់, បាត់ដំបង, ស្ទឹងត្រែង, ត្បូងឃ្មុំ, រតនគីរី, ព្រះវិហារ, កំពង់ធំ, ក្រចេះ និង មណ្ឌលគីរី ដែល មានចំនួនសរុប ជាង ៤សែន៤ម៉ឺននាក់ និងត្រូវការវ៉ាក់ សាំងចំនួនប្រមាណ៩សែនដូស។