ថ្ងៃ១មិថុនាៈ ប្រមុខរដ្ឋសភា និងរាជរដ្ឋាភិបាល បង្ហាញពីការគិតគូរលើកកម្ពស់សិទ្ធិកុមារ

ភ្នំពេញៈនៅក្នុងឱកាសទិវាកុមារអន្តរជាតិ១មិថុនានាថ្ងៃនេះ សម្តេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាការយកចិត្តទុកដាក់វិនិយោគលើកុមារថ្ងៃនេះ គឺដើម្បីអនាគតសង្គម និងប្រទេសជាតិនាពេលខាងមុខ។ ដោយឡែកក្នុងសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ បានធ្វើការអំពាវនាវ៩ចំណុចដើម្បីលើកកម្ពស់សិទ្ធិកុមារ ដើម្បីឱ្យពួក គេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។

លើទំព័រហ្វេសប៊ុកកផ្លូវការរបស់សម្តេចចក្រី ហេង សំរិន នៅព្រឹកថ្ងៃទី១ខែមិថុនានេះ សម្តេចបានបង្ហោះសារថា កម្ពុជា បានដាក់ចេញនិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់លើគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីកុមារ និង ច្បាប់អន្តរជាតិពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ពិសេសលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពកុមារ ព្រមទំាងបានខិតខំទប់ស្កាត់ប្រយុទ្ធប្រឆំាងរាល់អំពើហិង្សា និងការរំលោភបំពានគ្រប់រូបភាពលើកុមារ។

នៅក្នុងកាលៈទេសៈដែលកម្ពុជាក៏ដូចជាពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ-១៩នោះ សម្តេចប្រធានរដ្ឋសភា ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលកុមារ និងអ្នកពាក់ព័ន្ធទំាងអស់យកចិត្តទុកដាក់មើលថែទំាកុមារឲ្យខ្លំាងក្លាមួយកម្រិតថែមទៀត ត្បិតអីពេលនេះពួកគេងាយនឹងប្រឈមបញ្ហាផ្សេងៗ ទំាងផ្លូវកាយនិងផ្លូវចិត្ត។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា៤៨ បានចែងថា “រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារដែលមានចែងក្នុង អនុសញ្ញាស្តីពីសិទ្ធិកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រសិទ្ធិត្រូវបានទទួលការគាំពារក្នុង ស្ថានការណ៍មានសង្រ្គាម និងការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ច ឬ កាមគុណ លើកុមារ។ រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយដែលអាចធ្វើឱ្យខូចដល់ការអប់រំ និង ការរៀនសូត្ររបស់កុមារ ឬ ដែលនាំឱ្យអន្តរាយដល់សុខភាព ឬ សុខមាលភាពរបស់កកុមារ”។

ផ្តើមចេញពីចំណុចនេះក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ សម្តេចបានធ្វើការអំពាវនាវ៩ចំណុច។

ការអំពាវនាវទាំង៩ចំណុច មានដូចតទៅ៖
១-គ្រប់ក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់ កុមារជាពិសេស កុមារី និងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរសំខាន់ៗ ដែលអាចដោះស្រាយឫសគល់នៃការរើសអើងការផាត់ចេញពី សង្គម និងភាពរងគ្រោះ និងងាយរងគ្រោះរបស់កុមារ (កុមារី កុមារជាជនជាតិដើមភាគតិចកុមារមានពិការភាព)។
២-គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជំរុញឱ្យមានការផ្លាស់ប្តូរក្នុងការអនុវត្តនិងគោល នយោបាយនៅក្នុងកម្រិតមូលដ្ឋាន និងកម្រិតជាតិតាមរយៈសកម្មភាពចុះផ្ទាល់ក្នុងការចែករំលែកចំណេះដឹងបទពិសោធន៍ ស្តីពីតថភាពរបស់កុមារដែលកំពុងជួបប្រទះ។
៣-សូមលើកទឹកចិត្តដល់កុមារ និងសហគមន៍ ដើម្បីត្រៀមខ្លួន និងឆ្លើយតបទៅនឹងវិបត្តិ ព្រមទាំងជម្នះរាល់ការលំបាក នានា។
៤-គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គ្រួសារ សហគមន៍ សូមចូលរួមគាំទ្រឱ្យកុមារទទួលបាន ការអភិវឌ្ឍប្រកបដោយសុវត្ថិភាព និងជោគជ័យចាប់ ពីពេលចាប់កំណើតរហូតដល់ពេញវ័យ ដោយបន្តពង្រឹងសេវាគាំពារ និងអភិវឌ្ឍកុមារតូច អាហារូបត្ថម្ភ សុខភាព បន្តពូជយុវវ័យ ការបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈនិងបំណិនជីវិត។
៥-អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គ្រួសារ សហគមន៍ សូមចូលរួមលើកកម្ពស់ការបង្ការទប់ស្កាត់លុបបំបាត់ការ ជួញដូរមនុស្ស និងរូបភាពអាសអាភាសកុមារតាមរយៈ ក្នុងប្រព័ន្ធអនឡាញ និងក្រៅប្រព័ន្ធអនឡាញក្នុងសហគមន៍ ដើម្បីធានាសុវត្ថិភាពស្របតាមគោលការណ៍ឧត្តមប្រយោជន៍របស់កុមារ។
៦-គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារសហគមន៍ ត្រូវចូលរួមលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរឥរិយាបថសង្គមក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារនៅក្នុងសហគមន៍ជាពិសេសផ្តល់ឱកាសឱ្យកុមារចូលរួមក្នុងការផ្លាស់ប្តូរសហគមន៍របស់ពួកគេ។
៧-សូមពិនិត្យលទ្ធភាពក្នុងការវិនិយោគចំនួនមន្ត្រី/ភ្នាក់ងារសង្គមកិច្ចនៅតាមឃុំនីមួយៗដើម្បីបង្អួតការផ្តល់សេវា សង្គមកិច្ចឱ្យកាន់តែកៀកទៅកុមារ និងសហគមន៍ ជាពិសេស កុមារងគ្រោះដោយឪពុកម្តាយ ទុកចោលកុមារដែលទទួល រងអំពើហិង្សានិងការកេងប្រវ័ញ្ចគ្រប់រូបភាព។
៨-គ្រប់ក្រសួងស្ថាប័នអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការរៀបចំនិងអនុវត្តប្រព័ន្ធកិច្ចការពារកុមារឱ្យ មានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យនៅក្នុងសហគមន៍ ជាពិសេសការជួយដល់កុមារគ្រប់វិស័យ។
៩-គ្រប់ក្រសួងស្ថាប័នព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សតាមរយៈ ការបង្កើនការអប់រំ ផ្សព្វផ្សាយ ពង្រឹងកិច្ចការពារនិង ពិនិត្យតាមដានការអនុវត្តសិទ្ធិកុមារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។

ទាំងនេះបានសបញ្ជាក់ថា បញ្ហារបស់កុមារបានស្ថិតនៅក្រោមការយកចិត្តទុកដាក់ពីអង្គការនីតិបញ្ញត្តិ និងនីតិប្រតិបត្តិជានិច្ច ដើម្បីលើកស្ទួយកុមារកម្ពុជាទាំងអស់ដោយគ្មានការរើសអើង៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner