កម្ពុជានឹងរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ “ជីវៈចម្រុះ និងសុខភាពមនុស្ស”
រាជធានីភ្នំពេញ៖កម្ពុជានឹង រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ “ជីវៈចម្រុះ និងសុខភាពមនុស្ស”។នេះបើតាមការឱ្យដឹងរបស់ក្រសួងបរិស្ថាន។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី ៣១ខែឧសភាឆ្នាំ ២០២១ដោយបានបញ្ជាក់ជូនដល់សាធារណជន ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យដឹងថា ក្នុងបរិបទដែលប្រទេសកម្ពុជាបាននិងកំពុងទទួលរងនូវវិបត្តិ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រសួងបរិស្ថាននឹងប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២១ ក្រោមប្រធានបទ «ជីវៈចម្រុះ និងសុខភាពមនុស្ស តាមរយៈការផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ ទំនងសង្គមនានារបស់ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមថាសម្រាប់កម្មវិធីនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពី ការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការបំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត គ្រឹះស្ថានសិក្សា វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ឱ្យចូលរួមទាំងស្មារតី និងសម្ភារ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ និងកែលម្អគុណភាព សោភណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច។ល។
ប្រភពខាងលើនេះបានបញ្ជាក់ដែរថា ចំពោះការផ្សព្វផ្សាយដែលនឹងត្រូវរៀបចំឡើង រួមមានជាអាទិ៍៖១)ការថ្លែងសារគន្លឹះ របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ស្ដីពីទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥ មិថុនា ២)ការរៀបចំ ប័ណ្ណផ្សព្វផ្សាយ(Poster) និងផ្ទាំងបដា(Banner) សម្រាប់ ផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម និងបោះពុម្ពសម្រាប់ចងដាក់តាំងផ្សព្វផ្សាយនៅមុខទីស្តីការក្រសួង បរិស្ថាន នៅតាមបណ្តាមន្ទីរបរិស្ថានរាជធានី ខេត្ត និងនៅតាមទីសាធារណៈនានា ៣)ការរៀបចំ Facebook Frame សម្រាប់ដាក់លើ Profile Picture លើបណ្ដាញសង្គមហ្វេសប៊ុក និង៤)ការរៀបចំវីដេអូខ្លី៕ដោយ៖ម៉ាដេប៉ូ

