អនុរដ្ឋមន្រ្តីការបរទេសអាមេរិកបានមកដល់កម្ពុជា ហើយនឹងជួបសម្តេចតេជោហ៊ុន សែន នៅម៉ោង៤នេះ

ភ្នំពេញៈ​លោកស្រីWendy R. Sherman​ ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក បានអញ្ជើញដល់​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​១​ខែមិថុនានេះ ក្នុងដំណើរបំពេញទស្សនកិច្ចមួយថ្ងៃនៅកម្ពុជា ។​ លោកស្រី ត្រូវ​បានទទួល​ស្វាគម​ន៍​ដោយ​លោក​ W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជានៅ​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ ។

​ប្រភពស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹងថា​«​លោកស្រី​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក Wendy Sherman បាន​មកដល់​ភ្នំពេញ​ហើយ​ត្រូវ​បានទទួល​ដោយ​លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy ។ លោកស្រី​អនុរដ្ឋមន្ត្រី​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ថ្ងៃនេះ​គឺ​ដើម្បី​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​ពិភាក្សា​ពី​បញ្ហា​តំបន់​និង​បញ្ហា​ទ្វេភាគី​សំខាន់ៗ​»​។​

​នៅវេលា​ម៉ោង ៤ ល្ងាច​ថ្ងៃទី ១ ខែមិថុនា​នេះ លោកស្រី Wendy R.Sherman នឹង​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។ លោកស្រីក៏​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ផងដែរ ។​

​លោកស្រីអនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​នឹង មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​មួយ​ថ្ងៃ នៅ​ថ្ងៃទី​០១ ខែមិថុនានេះ ។​កម្ពុជា​ជា​ប្រទេស​បី​នៅក្នុង​ចំណោម​អាស៊ាន​១០ ដែល​ត្រូវបាន​មន្ត្រី​ជាន់ ខ្ពស់​អាមេរិក​រូបនេះ​ជ្រើស​រើសយក​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​លើកដំបូង១១​ថ្ងៃ​ទៅកាន់ ​ប្រទេស​មួយចំនួន​ចាប់ពី​ថ្ងៃទី២៥ ខែឧសភា​ដល់​ថ្ងៃទី​៤​ខែ​មិ​ថុនា​ឆ្នាំ​២០២១ដោយ​ទស្សនកិច្ច​ដំបូង​ទៅកាន់​ប្រទេស ​ប្រទេស​បែ​ល​ហ្ស៉ិ​ក​ហើយ​បន្តទៅ​តួ​ក​គី ឥណ្ឌូនេស៊ី កម្ពុជា និង ប្រទេស​ថៃ​ផងដែរ​។​

​បើតាម​ក្រសួងការបរទេស​អាមេរិក​លោកស្រី Wendy Ruth Sherman នឹង​ពាំនាំ​ការ​ប្តេ​ជា្ញ​ចិត្ត​របស់​សហរដ្ឋអាមេរិក​ចំពោះ​ភាពចាំបាច់​នៅ​អាស៊ាន​និង​ដំណោះ ស្រាយ​បញ្ហា​កម្រិត​ទ្វេភាគី​និង​តំបន់​ផងដែរ ។ អាមេរិក​ក៏​នឹង​ជំរុញ​ប្រទេស​មី​យ៉ាន់​ម៉ា​ឲ្យ​បញ្ឈប់​អំពើហិង្សា​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ខ្លួន​ថា​ជា​អំពើ​អយុត្តិធម៌ និង ស្តារ​ប្រទេស​មី​យ៉ាន់​ម៉ា​ឲ្យ​ទៅរក​ផ្លូវ​ប្រជាធិបតេយ្យ​ឡើងវិញ​ផងដែរ៕​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner