គ.ជ.ប បញ្ជាក់អំពីគោលបំណងនៃការរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១
ភ្នំពេញៈ កន្លងមកថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់តាម អនឡាញស្ដីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។
លោកសោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់ថាក្នុងសន្និបាតបូកសរុបការបោះឆ្នោត កន្លងមកគ.ជ.ប បានរកឃើញនូវចំណុចខ្វះខាតមួយចំនួនក្នុងដំណើរការរៀបចំការបោះឆ្នោតពិសេសក្នុងដំណើរការ ចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងក្នុងដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត ដែលផ្ដើមចេញពីនេះ គ.ជ.ប បានដាក់ចេញនូវកំណែទម្រង់ផ្នែកបច្ចេកទេស សម្រាប់ការអនុវត្តដំណើរការរៀបចំការបោះឆ្នោតដោយឈរលើគោលការណ៍ធ្វើទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីធានាឱ្យការបោះឆ្នោតលើកក្រោយទៀត កាន់តែមានប្រសិទ្ធភាព និងល្អប្រសើរឡើង។

អគ្គលេខាធិការងគ.ជ.បបានបញ្ជាក់អំពីគោលបំណងសំខាន់នៃការបោះឆ្នោតសាកល្បងគឺដើម្បីសាកល្បងកម្មវិធីរៀបចំបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រដកបទពិសោធលើការអនុវត្តវិធានការទប់ស្កាត់ និងការពារការឆ្លងរោគរាតត្បាត (កូវីដ-១៩)ក្នុងការិយាល័យបោះឆ្នោតសាកល្បងការប្រើប៊ិកគំនូសសញ្ញាគាំទ្រគណបក្ស នយោបាយលើសន្លឹកឆ្នោតសាកល្បងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ។
ឆ្លើយនឹងសំណួរដែលសួរថា “ក្នុងការបោះឆ្នោតសាកល្បងនេះ តើប្រជាពលរដ្ឋត្រូវបោះឆ្នោតតាមអនឡាញ (Online) ឬយ៉ាងណា?”លោកសោម សូរីដា បញ្ជាក់បន្ថែមថា គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតដោយអនុវត្តតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ហើយការបោះឆ្នោតត្រូវធ្វើឡើងជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ពោលគឺមិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) នោះទេ ។

លោកសោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានមានប្រសាសន៍ប្រាប់ AMS ថា គ.ជ.ប បានកំណត់យកថ្ងៃទី២០ មិថុនា ២០២១ជាការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ។ នៅក្នុងការបោះឆ្នោតសាកល្បងនេះ គ.ជ.ប បានកំណត់យកខេត្តគោលដៅ ២៥រាជធានី ខេត្ត។ ហើយឃុំសង្កាត់គោលដៅសម្រាប់ការបោះឆ្នោតសាកល្បង ២៥ឃុំសង្កាត់និងក្នុងមួយឃុំសង្កាត់កំណត់យកពីរការិយាល័យដោយការិយាល័យមួយគឺជាការិយាល័យដែលមានទីតាំងនៅតំបន់ទីប្រជុំជននិងការិយាល័យមួយទៀតនៅក្នុងតំបន់ឆ្ងាយពីទីប្រជុំជនដើម្បីវាស់កម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋនៅក្នុងការប្រើប៊ិចគាំទ្រគំនូសសញ្ញាគណបក្សនយោបាយនៅលើសន្លឹកឆ្នោតដែលគ.ជ.បគ្រោងប្រើប៊ិចនេះជំនួសឲ្យប៊ិចដែល អ្នកបោះឆ្នោតត្រូវគូសនៅលើសន្លឹកឆ្នោត។
អគ្គលេខាធិការរងគ.ជ.ប បានបន្តថា គោលបំណងនៃការបោះឆ្នោតសាកល្បងនេះគឺដើម្បីពិនិត្យទៅលើប្រសិទ្ធភាពនៃការ ប្រើកម្មវិធីចុះរៀបចំកម្មវិធីបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមប្រព័ន្ធឌីជីថល ដោយគ.ជ.ប បានរៀបចំរួចរាល់ហើយដែលតម្រូវឲ្យគណបក្សនយោបាយស្នើសុំការប្រើប្រាស់កម្មវិធីនេះដោយការបង្កើតគណនីគណបក្សពីគ.ជ.បហើយគណនីនេះគឺគណបក្សនយោបាយនៅពេលដែលទទួលបានអាចយកមកប្រសើសម្រាប់ការរៀបចំបញ្ជីបេក្ខជនត្រូវទាញឈ្មោះ និងទិន្នន័យរបស់បេក្ខជនចេញពីបញ្ជីបោះឆ្នោតផ្លូវការរបស់គ.ជ.ប។

សូមជម្រាបថា គណៈកម្មកាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់យកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីធ្វើការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២១។ប្រសិនបើការបោះឆ្នោត សាកល្បងនៅពាក់កណ្តាលឆ្នាំ២០២១ដំណើរការល្អប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពកម្មវិធីទំនើបកម្មនៃដំណើរការនេះ នឹងយកទៅអនុវត្តសម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ២០២២ និងឆ្នាំ២០២៣៕ ដោយៈ ពលជ័យ