សហព័ន្ធស្រូវអង្ករពន្យល់ពីមូលហេតុនៃការធ្លាក់ចុះនាំចេញអង្ករក្នុងរយៈពេល៥ខែដើមឆ្នាំ២០២១ បើធៀបទៅនឹងឆ្នាំមុន
សហព័ន្ធស្រូវអង្ករបានឲ្យដឹងថា ដោយសារវិបត្តិកូវីដ-១៩ ដែលប៉ះពាល់ដល់ចរន្តនៃលំហូរពាណិជ្ជកម្ម និងវិស័យផ្សេងដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ជាអាទិ កង្វះកុងតែន័រ និងការឡើងថ្លៃដឹកជញ្ជូនផ្លូវឆ្ងាយតាមសមុទ្រ ជាពិសេសទៅសហគមន៍អឺរ៉ុប បានធ្វើឲ្យបរិមាណនៃការនាំអង្ករចេញ ជារួមបានធ្លាក់ចុះជាង៣៤% ហើយទៅផ្សារដែលប៉ះពាល់ធំជាងគេង គឺទីផ្សារសហគមន៍អឺរ៉ុបដែលធ្លាប់កាន់កាប់ចំណែកនៃការនាំចេញសរុបជាង៣៤%ប្រហែលគ្នាទៅនឹងទីផ្សារប្រទេសចិន ដែលមានចំនួន៣៨%ក្នុងរយៈពេល៥ខែដូចគ្នាក្នុងឆ្នាំ២០២០ ហើយគិតជាបរិមាណគឺជាង១២ម៉ឺនតោនក្នុងរយៈពេល៥ខែនៃឆ្នាំ២០២០ មកនៅត្រឹមតែ៦ម៉ឺនតោន ឬជាង២៥%ប៉ុណ្ណោះនៃការនាំចេញសរុបក្នុង៥ខែឆ្នាំ២០២១។
ក្រៅពីនោះ ការនាំចេញទៅប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះជាពីជាង២ពាន់តោនមកត្រឹមជាង២០០តោនផងដែរ។ សហពន្ធ័បានបន្តថា ចំពោះតម្លៃនៃការដឹកជញ្ជូន នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២០ តម្លៃសម្រាប់កុងតែន័រ២០ហ្វីត ពីតំបន់អាស៊ីអាគ្នេយ៍ទៅសហគមន៍អឺរ៉ុប មិនលើសពី១ពាន់៥០០ដុល្លារអាមេរិកនោះទេ ប៉ុន្តែក្នុងត្រីមាសទី១ឆ្នាំ២០២១ បានកើនឡើងរហូតដល់ជិត៨ពាន់ដុល្លារក្នុងមួយកុងតែន័ស២០ហ្វីត។ តម្លៃនៅការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក បានកើនឡើងពីជាង២ពាន់៥០០ដុល្លារទៅ១ម៉ឺន៤ពាន់ដុល្លារក្នុងមួយកុងតែន័រចំណុះ២០ហ្វីត ហើយបន្តកើនឡើងនៅក្នុងខែមិថុនានេះទៀត។
យោងតាមសហពន្ធ័ស្រូវអង្ករបានឲ្យដឹងថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបានសម្រេចការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ៤៧ប្រទេស ក្នុងបរិមាណសរុប២៣ម៉ឺន៣ពាន់៣១តោន ដែលគិតជាទឹកប្រាក់ទទួលបាន១៦៦លាន៨សែន១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្នុងចំណោមនោះ បរិមាណអង្ករសរុបជាង១២ម៉ឺនតោន ឬ ជិត៥២% ត្រូវបាននាំទៅកាន់ប្រទេសចិនរួមទាំង ហុងកុង និង ម៉ាកាវ ដែលគិតជាទឹកប្រាក់ ចំនួន ៧៧លាន៥សែន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។សម្រាប់ខែឧសភាឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករបានចំនួន៤ម៉ឺន៥៣៦តោន ដោយទទួលបានទឹកប្រាក់២៦លាន៧សែន១ម៉ឺនដុល្លារអាមេរិក។
ទីផ្សារធំជាងគេគឺប្រទេសចិន៤០% ប្រទេសនៅទ្វីបអឺរ៉ុប៣០% ទីផ្សារប្រទេសអាស៊ានជិត១២% និងទីផ្សារបណ្ដាប្រទេសផ្សេងៗមានជិត១៨%។ រីឯប្រភេទអង្ករនាំចេញក្នុងខែឧសភា មានអង្ករក្រអូបនាំចេញបាន៧៤% អង្ករសគ្រាប់វែងនាំចេញបាន២១% អង្ករចំហុយនាំចេញបាន៣% និងអង្ករសរីរាង្គនាំចេញបាន២%។