សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក បញ្ជាក់ពីគាំទ្រការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា

ភ្នំពេញៈសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក បានប្រកាសថាស្ថាប័នទាំងពីរបានរួមសហការគ្នាគាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងការគំរាមកំហែងសនិ្តសុខសុខភាពនាពេលអនាគតនៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នានៅថ្ងៃនេះ បានបញ្ជាក់ថា សហភាពអឺរ៉ុប កំពុងវិនិយោគក្នុងទឹកប្រាក់សរុបជាង២,៨ លានអឺរ៉ូ (៣,៥លានដុល្លារអាមេរិក) សម្រាប់រយៈពេល៣ឆ្នាំ ខាងមុខ ដើម្បីផ្តល់ការគាំទ្រតាមរយៈអង្គការសុខភាពពិភពលោកដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងការបង្ការ និងការឆ្លើយតបចំពោះវិបតិ្តជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធ សុខាភិបាល។ ការផ្តល់មូលនិធិនេះ គឺជាផ្នែកមួយនៃកម្មវិធីសុខភាពថ្នាក់តំបន់ពិសេសមួយរបស់សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក ដើម្បីគំាទ្រដល់ប្រទេសជាសមាជិកអាស៊ាន។

សេចក្តីប្រកាសព័ត៌មានរួម បានស្រង់ប្រសាសន៍សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាមកបញ្ជាក់ ថា “ភាពជាដៃគូរវាងសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក ដើម្បីគាំទ្រការតៀមបង្ការ និងការឆ្លើយតបគឺបង្ហាញពីសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការ សម្រាប់ជួយប្រទេសមួយនៅក្នុងគ្រាលំបាក។ ក្រសួងសុខាភិបាលនឹងបន្តធ្វើការយ៉ាងជិតស្និជាមួយនឹងអង្គការសុខភាពពិភពលោក ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា។”

ចំណែកលោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ក្នុងរយៈពេលជាងមួយទសវត្សមកនេះ ប្រទេសកម្ពុជា បាននិងកំពុងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ខ្លួន រួមទាំងការត្រៀមបង្ការចំពោះជំងឺរាតត្បាតផងដែរ។ ការផ្ដល់មូលនិធិពីសហភាពអឺរ៉ុប និងភាពជាដៃគូនេះ នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយនឹងចូលរួមជួយប្រទេសកម្ពុជាក្នុងការត្រៀមបង្ការសម្រាប់បញ្ហាគ្រោះអាសន្នសុខភាពសាធារណៈបានប្រសើរជាងមុន។”

លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា “សហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ខ្លួន ដូចជា “ក្រុមការងារប្រចាំអឺរ៉ុប” ទាំងមូលបានប្តេជ្ញារួមគ្នាធ្វើការជាមួយកម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ដើម្បីកសាងឡើង វិញឱ្យកាន់តែប្រសើរ និងធានាឱ្យបានថាគ្មាននរណាម្នាក់ត្រូវបានមើលរំលងនោះឡើយ។ រហូតមកទល់នឹងពេលនេះ ក្រុមអឺរ៉ុបបានផ្តល់ថវិកាចំនួន២,២ពាន់លានអឺរ៉ូ ដល់ប្រទេសចំនួន៩២ដែលមានប្រាក់ចំណូលទាប និងមធ្យមរួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីទទួលបានវ៉ាក់សំាងការពារជំងឺកូវីដ១៩តាមរយៈយន្តការកូវ៉ាក់។ យើងមានមោទនភាពដែលក្រុមអឺរ៉ុប គឺជាអ្នកចូលរួមចំណែកដ៏ធំបំផុតទៅឲ្យយន្តការកូវ៉ាក់នេះ។”

លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍បន្ថែមទៀតថា “តាងនាមឱ្យសហភាពអឺរ៉ុប ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលសភាពអឺរ៉ុបបានចុះកិច្ចព្រមព្រៀងជាមួយអង្គការសុខភាពពិភពលោក ដើម្បីពង្រឹងសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត និងកសាងប្រព័ន្ធ សុខាភិបាលមួយដែលធន់។ ការគាំទ្រនេះ កើតឡើងចំពេលគេត្រូវការវាបំផុត។ សាមគ្គីភាព និងសកម្មភាពរួមគ្នា មានសារៈសំខាន់ណាស់ ដើម្បីជម្នះវិបតិ្តកូវីដ-១៩នៅកម្ពុជា នៅអាស៊ាន និងនៅលើពិភពលោកទាំងមូល។ នៅពេលដែលយើងរួមគ្នា យើងខ្លាំងជាងមុន!។”

ដោយអនុលោមតាមនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក ក៏ដូចជាផែនការត្រៀមបង្ការ និងឆ្លើយតបជាយុទ្ធសាស្រ្តសកល និងយោងតាមយុទ្ធសាស្រ្តអាស៊ីប៉ាស៊ីហ្វិកសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតឡើងថ្មីៗ (APSED III) ការវិនិយោគថ្មីនេះ មានគោលបំណងពង្រឹងប្រព័ន្ធសុខាភិបាល និងដើម្បីគាំទ្រដល់ការត្រៀមបង្ការ និងការឆ្លើយតបចំពោះវិបតិ្តកូវីដ-១៩ នៅកម្ពុជា រួមទាំងអភិក្រមសម្រាប់ធ្វើការ និងជួយគាំទ្រក្រុមពលរដ្ឋដែលគេមិនអាចចូលទៅជួយកន្លងមក។ មូលនិធិនេះ នឹងត្រូវប្រើសម្រាប់៖
▪️កៀរគរវិស័យផ្សេងៗ និងសហគមន៍ដើម្បីធានាឲ្យមានការចូលរួមក្នុងការបង្ការ ការតៀមបង្ការ និងការឆ្លើយតប
▪️ ឆ្លើយតបទៅនឹងករណីម្តងម្កាល ករណីចង្កោម និងការឆ្លងសហគមន៍
▪️ ការទប់ស្កាត់ការឆ្លងវីរុស ហើយនិង
▪️ កាត់បន្ថយករណីស្លាប់ដោយជំងឺកូវីដ-១៩

ជាផ្នែកមួយនៃការងារកំពុងដំណើរការរបស់អង្គការសុខភាពពិភពលោក ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប បានសម្របសម្រួលការឆ្លើយតបជាអន្តរជាតិ ចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយបាន និងកំពុងពង្រឹងការចូលរួម និងកិច្ចសហប្រតិបតិ្តការរបស់ខ្លួនជាមួយនឹងដៃគូប្រតិបតិ្តការ និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ។ សហភាពអឺរ៉ុបគឺជាអ្នកសហការដ៏គួរឱ្យស្វាគមន៍បន្ថែមទៅលើដៃគូនានាដែលបាននិងកំពុងឆ្លើយតបចំពោះវិបិត្តកូវីដ-១៩នៅកម្ពុជា។

ភាពជាដៃគូរវាងសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោកនៅកម្ពុជាគឺជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក ដើម្បីត្រៀមបង្ការ និងឆ្លើយតបចំពោះការរាតត្បាតជំងឺនៅអាស៊ីអាគ្នេយ៍ទាំងមូល។ សហភាពអឺរ៉ុប កំពុងតែផ្តល់ជាថវិកាចំនួន២០លានអឺរ៉ូដល់ប្រទេសអាទិភាពចំនួន៨នៅតំបន់អាស៊ីអាគ្នេយ៍។ អង្គការសុខភាពពិភពលោក នឹងប្រើមូលនិធិទាំងនេះដើម្បីបន្តគាំទ្រដល់រដ្ឋាភិបាលនៃប្រទេស កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។

កម្មវិធីនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោកថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (ដែលរួមមានប្រទេសឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងថៃ) ហើយនឹងអង្គការសុខភាពពិភពលោកថ្នាក់តំបន់ប៉ាស៊ីហ្វិកខាងលិច (ដែលរួមមានប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និង វៀតណាម)។ ដើម្បីធានាឱ្យបានថា កម្មវិធីនៅក្នុងប្រទេសនីមួយៗដំណើរការស្របទៅតាមអាទិភាពថ្នាក់ជាតិដូចដែលគូសបញ្ជាក់នៅក្នុងផែនការឆ្លើយតបថ្នាក់ជាតិ អង្គការសុខភាពពិភពលោកថ្នាក់តំបន់នីមួយៗ ត្រូវធ្វើការយ៉ាងជិតស្និទជាមួយនឹងរដ្ឋាភិបាលនៃប្រទេសនីមួយៗ និងភាគីពាក់ព័ន្ធដទៃទៀត រួមទាំងអង្គការសង្គមស៊ីវិលផងដែរ។

លើសពីនេះទៅទៀត អង្គការសុខភាពពិភពលោក នឹងប្រើឱកាសដែលមានតាមរយៈមូលនិធិរបស់សហភាពអឺរ៉ុប ដើម្បីជំរុញការចូលរួមរបស់ប្រទេសជាសមាជិកនៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ដែលរួមមាន៨ប្រទេសនៅក្នុងកម្មវិធីនេះ ដើម្បីលើកកម្ពស់កិច្ចសម្របសម្រួលរវាងប្រទេសជាសមាជិកអាស៊ាន និងលើកស្ទួយអភិក្រមតំបន់នៅក្នុងការឆ្លើយតបចំពោះវិបតិ្តកូវីដ-១៩ ជាទីដែលប្រទេសទាំងនោះពើបប្រទះនឹងបញ្ហាប្រឈមរួមជាច្រើន៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner