អង្គការ OPEC និងសម្ព័ន្ធមិត្តមានផែនការបង្កើនទិន្នផលប្រេងឆៅនៅក្នុងខែកក្កដាខាងមុខ ខណៈដែលតម្រូវការកំពុងងើបឡើងវិញ (មានវីដេអូ)
បរទេស៖ ក្រុមប្រទេសផលិតប្រេងរបស់អង្គការ អូពិច (OPEC) និងសម្ពន្ធមិត្តរបស់ខ្លួនបានឯកភាពគ្នាថា នឹងជំរុញផលិតកម្មប្រេងឆៅបន្ថែមទៀតនៅក្នុងខែកក្កដាខាងមុខនេះ ស្របពេលដែលតម្រូវការប្រេងឆៅដែលរងគ្រោះពីជំងឺរាតត្បាតកូវីដ១៩កំពុងងើបឡើងវិញ ។
អង្គការ អូពិច បូកនឹងសម្ព័ន្ធមិត្ត ដែលមាន២៣ប្រទេសបានអនុវត្តការកាត់បន្ថយទិន្នផលយ៉ាងខ្លាំង ដើម្បីទ្រទ្រង់ដល់តម្លៃលើទីផ្សារ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩បានបំផ្លាញសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំមុន ។ ប៉ុន្តែចាប់តាំងពីដើមខែឧសភាមក ក្រុមប្រទេសផលិតប្រេងបានចាប់ផ្តើមបង្កើនផលិតកម្មច្រើនឡើង ខណៈដែលតម្លៃប្រេងស្ទុះងើបឡើងវិញ ហើយស្ថានភាពសុខភាពកាន់តែប្រសើរឡើងនៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ ។
សូមបញ្ជាក់ថា បច្ចុប្បន្នផែនទីបង្ហាញផ្លូវផលិតកម្មសម្រាប់សមាជិកអង្គការ អូពិចបូក (OPEC+) រួមមានការបង្កើនផលិតកម្មជាបន្តបន្ទាប់នៅចន្លោះខែឧសភា ដល់ខែកក្កដាខាងមុខនេះ ដោយបន្ថែមរហូតដល់១,២លានបារ៉ែលក្នុងមួយថ្ងៃ ៕ ប្រភព៖ Reuters