ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ កើន៣ម៉ឺន៤៩៥នាក់ (Video Inside)
តួលេខឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កាន់តែកើនឡើងនៅក្នុងដើមខែមិថុនានេះ។ ការឆ្លងចូលក្នុង សហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៧១៦ករណីដែលកើនលើសម្សិលមិញ១៣១ករណី។ គិតសរុបរយៈពេល២ថ្ងៃក្នុងខែមិថុនានេះ ការឆ្លងមានចំនួន១ពាន់៣០១ករណី។ ការផ្ទុះឆ្លងខ្លាំងក្នុងសហគមន៍ ជាលើកទី៣នេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២០កុម្ភៈ។
គិតមកទល់ថ្ងៃទី២មិថុនាដែលមានរយៈពេលចំនួន ១០២ ថ្ងៃមកនេះ ការឆ្លងចូលក្នុងសហគមន៍មានចំនួន៣ម៉ឺន៤៩៥ករណីដែលក្នុងនោះ ការផ្ទុះឆ្លងខ្លាំងមាននៅក្នុងរង្វង់ ខែមេសានិងខែឧសភា, ចំណែកខែមីនានោះវិញ ការផ្ទុះឆ្លងនៅមានលក្ខណៈរាលដាលតិចតួច។ ក្នុងខែមីនា កន្លងមកនោះ តួលេខឆ្លងមានចំនួន១ពាន់៦៣៦ករណី, ប៉ុន្តែ នៅក្នុងខែមេសា តួលេខឆ្លងចូលក្នុងសហគមន៍ បានកើន១ម៉ឺន៩៥៧ករណីដែលស្មើនឹងជាង៣៦៥នាក់ក្នុងមួយថ្ងៃ, និងនៅក្នុងខែឧសភា តួលេខឆ្លងពេញមួយ ខែនោះ មាន១ម៉ឺន៦ពាន់៣៤៨ករណី ដែលស្មើនឹងការឆ្លងក្នុងមួយថ្ងៃជាង ៥២៧នាក់។ ដោយឡែកក្នុងរយៈពេល២ថ្ងៃនៃខែមិថុនានេះ ការឆ្លងថ្ងៃទី១ មាន៥៨៥ករណីនិងការឆ្លងក្នុងថ្ងៃទី ២នេះ មាន ៧១៦ករណី ដែលជាតួលេខបង្ហាញការឆ្លងខ្ពស់មិនទាន់ធូរស្រាលនៅឡើយ។
កម្ពុជាគិតត្រឹមថ្ងៃទី២ខែមិថុនាឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេសចំនួន៣ម៉ឺន១ពាន់៤៦០នាក់, ការស្លាប់ សរុបមានចំនួន២៣០នាក់ក្រោយការស្លាប់ថ្មីចំនួន១០ក្នុងរយ:ពេល២៤កន្លងមកនេះ , ចំណែកការព្យាបាល ជាសះស្បើយសរុបមានចំនួន២ម៉ឺន៤ពាន់៤២នាក់ក្រោយការព្យាបាលជាសះស្បើយចុងក្រោយនេះចំនួន៦៥៣នាក់។