គ.ជ.ប ត្រៀមរៀបចំការបោះឆ្នោតសាកល្បង ឃុំនិងសង្កាត់ នៅថ្ងៃទី២០មិថុនា (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានរៀបចំការិយាល័យបោះឆ្នោតចំនួន៥០ ទៅទូទាំងរាជធានី ខេត្តទូទាំងប្រទេស និងអ្នកមានបោះឆ្នោត១ម៉ឺន៧ពាន់៨៨៤នាក់សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់។ គ.ជ.ប បានជូនដំណឹងថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១នោះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១។

ទីប្រឹក្សា គ.ជ.ប លោកសោម សូរីដា បាន ថ្លែង ថា គ.ជ.ប បានដាក់ចេញនូវកំណែទម្រង់ផ្នែកបច្ចេកទេស សម្រាប់ការអនុវត្តដំណើរការរៀបចំការបោះឆ្នោត ដោយឈរលើគោលការណ៍ធ្វើទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីធានាឱ្យការបោះឆ្នោតលើក ក្រោយទៀត កាន់តែមានប្រសិទ្ធភាពនិងល្អប្រសើរឡើង។ លោកបញ្ជាក់ថា គោលបំណងសំខាន់នៃការ បោះ ឆ្នោតសាកល្បង គឺដើម្បីសាកល្បងកម្មវិធីរៀបចំបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ, ដកស្រង់បទពិសោធលើការអនុវត្តវិធានការទប់ស្កាត់ និងការពារការឆ្លងរោគរាតត្បាត កូវីដ-១៩ ក្នុងការិយាល័យបោះឆ្នោត, សាកល្បងការប្រើប៊ិចគំនូសសញ្ញា គាំទ្រគណបក្សនយោបាយលើសន្លឹកឆ្នោត និង សាកល្បងកម្មវិធីត្រួតពិនិត្យ, ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ។

លោកសោម សូរីដា បញ្ជាក់បន្ថែមថា គ.ជ.ប ត្រូវរៀបចំការបោះឆ្នោត ដោយអនុវត្តតាមគោលការណ៍នៃលទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយត្រូវធ្វើឡើងជាសកល, ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាម វិធីជ្រើសរើសឆ្នោតជាសម្ងាត់ ពោលគឺមិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) នោះទេ ។ មន្ត្រីគជប បានបញ្ជាក់ថា ប្រសិនបើការបោះឆ្នោតសាកល្បងនៅពាក់កណ្តាលឆ្នាំ២០២១ មានដំណើរការល្អ ប្រកប ដោយសុវត្ថិភាពនិងប្រសិទ្ធភាព កម្មវិធីទំនើបកម្មនៃដំណើរការនោះ នឹងយកទៅអនុវត្តសម្រាប់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៣៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner