សម្តេចពិជ័យសេនា ទៀ បាញ់៖ សម្តេចតេជោ អនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកចុះទៅមើលកំពង់ផែរាម
ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី៣ ខែមិថុនានេះថា នៅពេលដែលលោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីរសៀលថ្ងៃទី១ ខែមិថុនា បានសំណូមសុំឱ្យ អនុព័ន្ធយោធារបស់អាមេរិកចុះទៅពិនិត្យនៅកំពង់ផែរាមរបស់កម្ពុជា គឺសម្តេចនាយករដ្ឋមន្ត្រី បានឯកភាព និងអនុញ្ញាតឲ្យអនុព័ន្ធយោធារបស់អាមេរិកចុះទៅកំពង់ផែរាម ហើយការចុះទៅនេះគឺមិនមានបញ្ហាអ្វីទេ។ ប៉ុន្តែសូមឱ្យខាងអនុព័ន្ធយោធារបស់អាមេរិកចុះទៅពេលណាប្រាប់មកខាងកម្ពុជា ដើម្បីជូនពួកគាត់ទៅមើលតាមអ្វីដែលត្រូវការមើល។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្តថា ចំពោះការអភិវឌ្ឍកំពង់ផែរាមរបស់កម្ពុជាឱ្យទំនើបជាងមុនគឺ មិនមែនសហរដ្ឋអាមេរិកមិនដឹងទេ ក៏ប៉ុន្តែសហរដ្ឋអាមេរិកនៅតែចិញ្ចឹមចិត្តថា កម្ពុជាបានផ្តល់កំពង់ផែរាមឱ្យប្រើប្រាស់ផ្តាច់មុខទៅខាងចិន។ ប៉ុន្តែរឿងនេះដែលវាមិនមានហេតុការណ៍នេះទាល់តែសោះ ដែលសហរដ្ឋអាមេរិកយល់របៀបនេះ។ ដូច្នេះមិនដឹងជាទៅហាមឃាត់គេរបៀបណាទេ?បើគេចង់យល់របៀបនឹងទៅហើយ។
ប្រមុខការពារជាតិកម្ពុជាបានបញ្ជាក់ថា “ការធ្វើកំពង់ផែរាមនេះ គឺច្បាស់ណាស់យើងនឹងមានការអភិវឌ្ឍ និងកំពុងប្រុងប្រៀងបអភិវឌ្ឍកំពង់ផែរាម។ គឺច្បាស់ណាស់យើងនឹងអភិវឌ្ឍពីព្រោះការអភិវឌ្ឍវាត្រូវតែរៀបចំលក្ខណៈសម្បត្តិឱ្យបានជាមុន ដើម្បីត្រៀមធ្វើការអភិវវឌ្ឍ ទាំងការរៀបចំទីកន្លែង និងចាំបាច់ត្រូវតែបូមស្តារឲ្យវាមានជម្រៅទឹក រៀបចំធ្វើផែ ធ្វើរោងជាងសម្រាប់ជួសជុលនាវាហើយសំណង់ធំៗណាស់ដែលត្រូវធ្វើ ដើម្បីបម្រើឱ្យមូលដ្ឋានយោធារាមរបស់កម្ពុជាឱ្យមានការរីកចម្រើន និងមានការអភិវឌ្ឍមួយកម្រិតទៀត”។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា រឿងនេះ មិនមានអ្វីចម្លែកទាល់តែសោះគ្រាន់តែការធ្វើកំពង់ផែរាមរបស់កម្ពុជា គឺកម្ពុជាស្វះស្វែងរកដៃគូដើម្បីជួយអភិវឌ្ឍ ដោយសារកម្ពុជាពុំមានលទ្ធភាពធ្វើដោយខ្លួនឯងបានភ្លាមៗទៅតាមតម្រូវការនៃការអភិវឌ្ឍនោះបាន។ កម្ពុជាក៏ស្វែងរកដៃគូ ហើយវាក៏មិនមានរឿងអ្វីចម្លែកដែរ។ ការចោទប្រកាន់ថា កម្ពុជាឱ្យកំពង់ផែរាមទៅចិន គឺខុសពីការពិតឆ្ងាយណាស់។ វាជាការបង្កើតនូវការរារាំងការអភិវឌ្ឍរបស់កម្ពុជាយ៉ាងជាក់លាក់តែម្តង៕
ដោយៈ ពលជ័យ