Huawei បញ្ចេញប្រព័ន្ធប្រតិបត្តិការ HarmonyOS ជំនាន់ថ្មី នៅក្នុងការប្រយុទ្ធប្រឆាំងដើម្បីសង្គ្រោះក្រុមហ៊ុនខ្លួនអោយរស់រានមានជីវិតឡើងវិញ (មានវីដេអូ)
ចិន៖ ក្រុមហ៊ុន Huawei របស់ចិនបានប្រកាសដាក់បង្ហាញប្រព័ន្ធដំណើរការ HarmonyOS ជំនាន់ថ្មី ដែលពោរពេញដោយសមត្ថភាព និងភាពអស្ចារ្យយ៉ាងសម្បូរបែបជាច្រើន ក្រោយសហរដ្ឋអាមេរិកបានរារាំងខ្លួនពីការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។
បច្ចុប្បន្នមានតែនាឡិកាដៃវៃឆ្លាតជំនាន់ថ្មីចំនួន២ម៉ូដែល និងឧបករណ៍ Tablet ចំនួន២ម៉ូដែល ដែលត្រូវបានភ្ជាប់មកជាមួយស្រាប់នូវប្រព័ន្ធដំណើរការ HarmonyOS នេះ ខណៈដែល Huawei មានគម្រោងផ្លាស់ប្ដូរស្មាតហ្វូន និង Tablet ជាច្រើនម៉ូដែលទៀតអោយមកប្រើប្រាស់ប្រព័ន្ធដំណើរការនេះនាពេលឆាប់ៗខាងមុខ ។
សូមជម្រាបថា HarmonyOS ត្រូវបានបង្កើតឡើងកាលពីខែសីហា ឆ្នាំ២០១៩ និងបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូង នៅ លើទូរទស្សន៍វៃឆ្លាតរបស់ Huawei សម្រាប់លក់នៅលើទីផ្សារប្រទេសចិន ហើយសម្រាប់ HarmonyOS ជំនាន់ទី២ គឺត្រូវបានពង្រីកសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន និង Tablet ៕ ប្រភព៖ CNA