Tesla ប្រកាសប្រមូលរថយន្តជិត៦ពាន់គ្រឿងនៅក្នុងសហរដ្ឋអាមេរិកមកវិញ ក្រោយរកឃើញកំហុសឆ្គងនៅផ្នែកប្រព័ន្ធហ្វ្រាំង (មានវីដេអូ)
អាមេរិក៖ ក្រុមហ៊ុន Tesla បាននិងកំពុងប្រមូលត្រឡប់មកវិញនូវរថយន្តជិត៦ពាន់គ្រឿង ដោយសារតែរកឃើញកំហុសឆ្គងនៅផ្នែកប្រព័ន្ធហ្វ្រាំង នេះបើតាមឯកសារដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធម្សិលមិញ ។
ចំពោះរថយន្តដែលត្រូវបានប្រកាសប្រមូលមកវិញនោះ រួមមានរថយន្តម៉ាក Model 3 ឆ្នាំ២០១៩-២០២១ និងរថយន្តម៉ាក Model Y ឆ្នាំ២០២០-២០២១ ។ ឯកសាររបស់ក្រុមហ៊ុន Tesla ជាមួយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនមិនបានទទួលរបាយការណ៍ពីគ្រោះថ្នាក់ ឬមនុស្សរងរបួសពាក់ព័ន្ធនឹងបញ្ហាខាងលើនេះនោះទេ ហើយថា ក្រុមហ៊ុននឹងធ្វើការត្រួតពិនិត្យ ក៏ដូចជារឹតបន្តឹង និងផ្លាស់ប្តូរថ្មីប្រសិនបើមានការចាំបាច់ ។
គួរបញ្ជាក់ផងដែរថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ថ្មីៗនេះបានប្រកាសអោយដឹងថា រថយន្តអគ្គិសនី Tesla មួយចំនួននឹងត្រូវលក់ក្នុងតម្លៃថ្លៃជាងមុន ដោយសារតែបញ្ហានៃសង្វាក់ផលិតកម្ម ដែលក្នុងនោះសំខាន់ជាងគេ គឺបណ្តាលមកពីកង្វះខាតបន្ទះឈីប នៅក្នុងទីផ្សារ ។ បញ្ហាកង្វះខាតបន្ទះឈីបសម្រាប់ផលិតរថយន្តនេះដែរ ក៏បានប៉ះពាល់ដល់វិស័យផលិតយានយន្តដែលគិតជាទឹកប្រាក់មានទំហំរហូតដល់១១០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២១នេះ ខណៈដែលក្រុមហ៊ុន Ford និង GM បានប៉ះពាល់ខ្លាំងជាងគេ ៕ ប្រភព៖ CNA