គិតត្រឹមឆ្នាំ២០២០ អាមេរិកបញ្ជូនពលរដ្ឋខ្មែរមកវិញកម្ពុជាសរុប៧៧៤នាក់
ភ្នំពេញ: អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាក ឯកឧត្តម កុយ គួង បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលសហរដ្ឋអាមេរិក បញ្ជូនខ្លួនមកកម្ពុជាវិញ នាពេលកន្លងមកមានចំនួនសរុប ៧៧៤នាក់ ដោយឡែកនៅក្នុងឆ្នាំ២០២០កន្លងមកនេះ មានចំនួន២៥នាក់។

ឯកឧត្តម បានបញ្ជាក់ទៀតថាពលរដ្ឋខ្មែរដែលអាមេរិកបញ្ជូនមកស្រុកកំណើតវិញពួកគេបានរស់នៅក្នុងសមាហរណកម្ម មានជីវភាពល្អសមរម្យ មានមុខរបរធ្វើ នៅក្នុងសង្គមជាតិ។
សូមជម្រាបថា នៅក្នុងជំនួបសវនការរវាងលោក ស្រី វិនឌី រូត្ស ស៊ើមែន (Wendy Ruth Sher man)អនុរដ្ឋមន្ត្រី ក្រសួងការបរទេសសហរដ្ឋអាមេរិកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជានៅវិមានសន្តិភាពកាលពីថ្ងៃទី១ ខែមិថុនាភាគីទាំងពីរក៏បានពិភាក្សាពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកម្មវិធីមាតុភូមិនិវត្តន៍ពលរដ្ឋលើការបញ្ជូនជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាវិញដោយផ្អែកលើគោលការណ៍គោរពសិទ្ធិមនុស្ស លើទិដ្ឋភាពមនុស្សធម៌ និងមេត្តាករុណាធម៌។
កម្ពុជា-អាមេរិក បានចុះអនុស្សរណៈជាមួយគ្នា( MoU)កាលពីឆ្នាំ២០១៦។ចំពោះពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌបំពានច្បាប់សហរដ្ឋអាមេរិក ត្រូវចាប់បញ្ជូនមកប្រទេសកំណើតវិញ ៕
ដោយ:ពលជ័យ