ប្រជាពលរដ្ឋចាប់ផ្តើមធ្វើទេសចរណ៍ បែបផ្សងព្រេង នៅក្នុងព្រៃធម្មជាតិកាន់តែច្រើនឡើង

រាជធានីភ្នំពេញ៖ បច្ចុប្បន្ននេះ និន្នាការរបស់ប្រជាពលរដ្ឋចាប់ផ្តើមធ្វើទេសចរណ៍បែបផ្សងព្រេងនៅក្នុងព្រៃ ព្រឹក្សា។ ពីមុនពេលដែលគេនិយាយពីការចូលព្រៃដើម្បីតស៊ូ ប៉ុន្តែនៅសម័យតេជោសន្តិភាព ចូលព្រៃគឺជាដំណើរកម្សាន្តបែបធម្មជាតិ ស្វែងយល់ពីធម្មជាតិ និងដោយចិត្តស្រឡាញ់ ធម្មជាតិ។នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន។ បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី៤ ខែ មិថុនានេះ ឯកឧត្តម នេត្រ ភក្រ្តាបានឱ្យដឹងថាការដែលពលរដ្ឋងាកមកចាប់អារម្មណ៍ធ្វើដំណើរទេសចរណ៍ផ្សងព្រេង តាមតំបន់ទេសចរណ៍ធម្មជាតិនេះមានដូចជាខ្នងផ្សារ ភ្នំត្បែងជាដើម ។

ឯកឧត្តមបានលើកឡើងបញ្ជាក់ថា តាមរយៈការធ្វើដំណើរទេសចរណ៍បែបផ្សងព្រេងនេះដែរបានធ្វើឱ្យប្រជាសហគមន៍តាមតំបន់ទាំងនេះពួកគាត់អាចរកបានប្រាក់យ៉ាងហោច ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ពីការផ្តល់សេវាជួយយូរអីវ៉ាន់ ភ្ញៀវទេសចរឡើងលើកំពូលភ្នំ។ នេះគឺជាផ្នែកមួយនៃការទទួល ចំណូលរបស់ពលរដ្ឋពីទេសចរណ៍ធម្មជាតិ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងបន្ថែមថាកាលពីឆ្នាំ២០២០ កន្លងទៅ សហគមន៍ទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិបានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ធ្វើដំណើរទស្សនាកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិចំនួន៦៤៣០០០ នាក់។ ថវិកាយ៉ាងហោចណាស់ជាង ៣០ លានដុល្លារអាមេរិកត្រូវបានចាក់ចូលក្នុងសេដ្ឋកិច្ចមូលដ្ឋានកាលពីឆ្នាំ២០២០ តាមរយៈទេសចរណ៍ធម្មជាតិ។

ឯកឧត្តមបញ្ជាក់ថាបើ តាមរបាយការណ៍ សហគមន៍ទេសចរណ៍ធម្មជាតិទទួលបានចំណូលចន្លោះពី ៥ម៉ឺនទៅ ១៨ ម៉ឺនដុល្លារអាមេរិកក្នុងមួយសហគមន៍ក្នុងឆ្នាំ។ ចំណូលចាក់ចូលក្នុងសេដ្ឋកិច្ចនេះបានមកពីសេវាកម្មលក់សំបុត្រ ជួលទូកជិះកម្សាន្ត សេវាកម្មជូនភ្ញៀវ ដឹកជញ្ជូន ការស្នាក់នៅ ការទិញវត្ថុអនុស្សារីយ៍។ នេះ មិនគិតពីការចំណាយរបស់លើអាហារ និងសម្ភារៈផ្សេងទៀតដែលភ្ញៀវទេសចរបានចំណាយ ដូចជាការទិញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈប្រើប្រាស់ផ្សេងទៀតសម្រាប់ដំណើរ កម្សាន្ត និងការស្នាក់នៅក្នុងព្រៃ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានធ្វើការពន្យល់ថា ការជំរុញទេសចរណ៍ធម្មជាតិគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រឹងការកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ពង្រឹងរបងការពារធនធានធម្មជាតិ ផ្តល់ ជម្រើសថ្មី និងមុខរបរថ្មី បង្កើនប្រាក់ចំណូលជូនពលរដ្ឋ និងកាត់ផ្តាច់មុខរបររបស់ពលរដ្ឋមួយ ចំនួនដែលពឹងអាស្រ័យទាំងស្រុងលើធម្មជាតិពោលគឺកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វរបស់ពលរដ្ឋមួយចំនួន។ នេះគឺជាយន្តការដែលមានប្រសិទ្ធភាព និងមាននិរន្តរភាពសម្រាប់កិច្ចការពារនិងអភិរក្សធនធនធម្មជាតិ បន្ថែមពីការការប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ និងការបណ្តុះស្មារតីស្រឡាញ់ធម្មជាតិ៕ ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner