ថ្នាក់ដឹកនាំមន្ត្រីសង្ឃខេត្តកំពត ផ្តល់អំណោយជាច្រើន ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ស្របពេលមានការឆ្លងរីករាលដាល់ជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានខេត្តកំពតច្រើនករណី ថ្នាក់ដឹកនាំមន្ត្រីសង្ឃខេត្តកំពតបានផ្តល់អំណោយមនុស្សធម៌ ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការបង្ការទប់ស្កាត់ បញ្ឈប់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានខេត្តកំពត ។

ពិធីប្រគល់ ទទួល រៀបចំឡើង កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នៅវត្តជុំគ្រៀលឃុំជុំគ្រៀល ស្រុកទឹកឈូ ក្រោមអធិបតី ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសហការី បានទទួលនូវអំណោយមនុស្សធម៌ ជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីមន្ត្រីសង្ឃក្នុងខេត្ត ។

ព្រះតេជគុណ ញ៉ែត ចន្ទតារា ព្រះមេគុណខេត្តមានសង្ឃដីកាថា ទេយ្យទានជាថវិកាក្ដី គ្រឿងឧបភោគបរិភោគ និងសម្ភារៈក្ដី ដែលបានប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតពេលនេះ គឺបានមកពីការរួមចំណែករបស់មន្ត្រីសង្ឃ ជាព្រះមេគុណខេត្ត ព្រះអនុគុណ និងសហការីទាំង ៨ក្រុង ស្រុក ក្នុងខេត្ត មានថវិកាចំនួន ២១លាន ៣ម៉ឺនរៀល អង្ករ ១តោន បន្លុងជាសម្ភារៈប្រើប្រាស់ចំនួន៣០ និងមីចំនួន ១០កេស ។

ឯកឧត្តមជាវ តាយ បានថ្លែងអំណរគុណដល់ ព្រះតេជគុណ ញ៉ែត ចន្ទតារា ព្រះមេគុណខេត្ត ដែលកន្លងមកព្រះអង្គមិនត្រឹមតែដឹកនាំក្នុងវិស័យពុទ្ធចក្រឲ្យមានការរីកចម្រើនប៉ុណ្ណោះទេ ព្រះអង្គថែមទាំងបាន ចូលរួមក្នុងវិស័យកិច្ចការសង្គម និងមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាយ៉ាងសកម្ម ។ដោយឡែកអំណោយពីព្រះមន្ត្រីសង្ឃនាពេលនេះ ឯកឧត្តមនឹងខិតខំយកទៅចាត់ចែងប្រើប្រាស់អោយចំគោលដៅពិសេសជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះនិងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩នៅតាមមូលដ្ឋាន។

ក្នុងព្រឹត្តិការ២០កុម្ភៈ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ នឹងរងផលប៉ះពាល់ដោយសាជំងឺកូវីដ១៩ បានប្រមាណជាង ១៤០០គ្រួសារ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner