អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារ ចុះពិនិត្យ​ការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល នៅខេត្ត​កំពង់ស្ពឺ

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងឯកឧត្តម សំ រិទ្ធី និងអមដំណើរដោយ    ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងក្រុមការងារពាក់ព័ន្ធ បានចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល របស់ខេត្តកំពង់ស្ពឺ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង និងបានជួបប្រជុំស្តាប់ពីវឌ្ឍនភាព  ការងារគ្រប់គ្រងស្ថានការណ៍ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្ត ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ     ជុំវិញខេត្ត។

យោងតាមរបាយការណ៍ពីស្ថានភាពការឆ្លងរាលដាល និងបញ្ហាប្រឈម ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ដោយសារតួលេខការឆ្លងរបស់ខេត្ត មានការហក់ឡើងខ្ពស់ពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលបានធ្វើយើងអាចជួបប្រទះបញ្ហាប្រឈមធំៗ២ គឺកង្វះខាតធនធានគ្រូពេទ្យ និងសម្ភារៈបច្ចេកទេសមួយចំនួន។​

ដើម្បីត្រៀមលក្ខណៈទុកជាមុនពីចម្ងាយ ខេត្តបានរៀបចំមណ្ឌលព្យាបាលកម្រិតស្រាល ដែលមានសមត្ថភាពផ្ទុកអ្នកជំងឺបានប្រមាណ ២,០០០គ្រែបន្ថែម ស្ថិតក្នុងស្រុកសំរោងទង បន្ថែមពីលើមណ្ឌលព្យាបាលសព្វថ្ងៃ ដែលមានចំនួន ១១ទីតាំង ដែលអាចផ្ទុកអ្នកជំងឺបាន ៣,៣៣៩គ្រែ រឺ ប៉ៅអី។

ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យ មន្រ្តីសុខាភិបាល អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងយុវជនស្ម័គ្រចិត្តរបស់ ស.ស.យ.ក. ដែលបានសស្រាក់សស្រាំ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ជាពិសេសអ្នកដែលបានឆ្លងជំងឺកូវីដ ១៩ និងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល សំដៅធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមានូវខ្សែចម្លងឲ្យបានកាន់តែ   លឿន។​

ជាងនេះទៅទៀត ឯកឧត្តម ហ៊ុន ម៉ានី ក៏សូមអបអរសាទរ និងថ្លែងអំណរគុណចំពោះការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋទូទាំងខេត្ត ​ដែលបានចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការគោរពតាមវិធានការណែនាំដែលរាជរដ្ឋាភិបាល ក្រសួង ក៏ដូចជារដ្ឋបាលខេត្តបានដាក់ចេញកន្លងមក បានយ៉ាងខ្ជាប់ខ្ជួន។

សូមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ស្ពឺ គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ មានអ្នកឆ្លងសរុបដល់១,៤៨៣នាក់ ក្នុងនោះជាសះស្បើយ៣៦៩នាក់ និងស្លាប់២១នាក់៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner