ខេត្តសៀមរាប មានអ្នកឆ្លងកូវីដ១៩ថ្មី២៤នាក់ (Video Inside)
ខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន២៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែល ភាគច្រើនជាការឆ្លងក្នុងស្រុកសូទ្រនិគម។ ស្រុកសូទ្រនិគមនិងស្រុកជីក្រែង គឺជាស្រុកដែលទើបនឹងមានការ ប្រកាសឲ្យប្រុងប្រយ័ត្ននូវការផ្ទុះឆ្លងជម្ងឺរាតត្បាតនេះ។
យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ រួមមានម្នាក់ជាមេឃុំកំពង់ឃ្លាំង, ២នាក់ជាសមាជិក ក្រុមប្រឹក្សាឃុំកំពង់ឃ្លាំងនៃស្រុកសូទ្រនិគម និងក្រៅពីនោះ ការឆ្លងបានកើតលើប្រជាពលរដ្ឋ, អាជីវករ, សិស្ស គ្រូបង្រៀន, អ្នកនេសាទ និងមន្រ្តីកងរាជអាវុធហត្ថ នៅស្រុក សូទ្រនិគម និងក្រុងសៀមរាប។
សេចក្តីរាយការណ៍ បន្តថា ក្រៅពីនោះ ការឆ្លងបានកើតលើមនុស្ស៦នាក់ដែល ជាពលករមកពីប្រទេសថៃ, និង២នាក់ទៀត ជាពលរដ្ឋមកពីខេត្តបាត់ដំបង។ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានសន្និដ្ឋានបឋមថា ប្រភពនៃការចម្លង ជំងឺកូវីដ-១៩ នៅក្នុង ស្រុកសូទ្រនិគម និងស្រុកជីក្រែង គឺចេញមកពីភោជនីយដ្ឋានពិភពធម្មជាតិ ដែលស្ថិតនៅ ភូមិកកោះ, ឃុំគោក ធ្លកក្រោម ក្នុងស្រុកជីក្រែង។
ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន២២៩ នាក់, ព្យាបាលជា សះស្បើយចំនួន៨៤នាក់រួម ទាំងការព្យាបាលជាសះស្បើយម្នាក់នៅថ្ងៃនេះ។ ខេត្តសៀមរាម នៅមានករណីស្លាប់ ២នាក់ថែមទៀតកន្លងមក ដោយសារតែកូវីដ១៩។